ស្ត្រី​ទាហាន​ម្នាក់ នៅ​ខេត្តកំពង់ធំ ទទូច​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ សងលុយ រឿង​រត់​ការមិន​សម្រេច ចូល​ក្របខណ្ឌ​ទាហាន​

(​ភ្នំពេញ​)៖ ស្ត្រី​ទាហាន​ម្នាក់ ឈ្មោះ អ៊ុត ម៉ា​រី ត្រូវបាន​បុរស​ស្ត្រី ២​នាក់ អះអាងថា នាង​បាន​បោក​លុយ ម្នាក់​អស់ ៦៥០០ ដុល្លារ និង​ម្នាក់ទៀត អស់ ៩០០០ ដុល្លារ ដើម្បី​រត់ការ ចូល​ក្របខណ្ឌ ជា​ទាហាន​។ តែ​យ៉ាងណាក៏ដោយ ស្ត្រី​ទាហាន អ៊ុត ម៉ា​រី ដែលមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ពោធិ៍​សែន​ស្នាយ ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ បាន​អះអាងថា លុយ​ទាំងនោះ នាង​បានប្រគល់​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ឈ្មោះ ជា លឹម នាយករង​បុគ្គលិក​អគ្គបញ្ជាការ ដោយមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ដូច​អ្វីដែល​នាង​បានធ្វើ​លិខិត ជាមួយ​បុរស​ស្ត្រី​ទាំងពីរ​នាក់​នោះដែរ​។​

​ស្ត្រី​ឈ្មោះ អ៊ុត ម៉ា​រី ពាក់​ស័ក្តិ ៤​កន្លះ បាន​អះអាងថា នាង​បានដាក់​ពាក្យបណ្តឹង ទៅ​តុលាការយោធា ជាង ១​ឆ្នាំ​ហើយ ដោយ​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍ ជា លឹម ដើម្បី​ទាមទារ​ប្រាក់​រត់ការ​នោះ​វិញ យកទៅ​សង​ដល់​ជនរងគ្រោះ​វិញ ( ហន សុ​ផា និង ឃឹម ពិសី )​។ ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍ ជា លឹម ដែលជា​មេ​របស់​នាង មិនបាន​ដោះស្រាយ ប្រគល់​លុយ​ឲ្យ​នាង​វិញ​ឡើយ​។​

​ស្ត្រី​យោធា អ៊ុត ម៉ា​រី ក៏បាន​បញ្ជាក់ថា «​ខ្ញុំ​រីករាយ និង​សប្បាយចិត្ត ព្រម​ដើរចូល​គុក ជាមួយ​ក្មេង​រូបនេះ ( ហន សុ​ផា ) និង​មេ ជា លឹម ដែល​ទទួល​លុយ​ផងដែរ​។ ពេលនេះ ម៉ោង​នេះ ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ច្បាប់ ដាក់ទោស​ពួក​ខ្ញុំ ទាំង ៣​នាក់ ទៅតាម​ច្បាប់ ដែល​បានចែង​ទៅ ក្មេង​អ្នក​សូកប៉ាន់ មេ​អ្នក​ស៊ីសំណូក និង​ខ្ញុំ​អ្នក​រួមគំនិត​»​។​

​ក្នុង​វិ​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ស្ត្រី​ឈ្មោះ ហន សុ​ផា បាន​អះអាងថា ស្ត្រី​ទាហាន ឈ្មោះ អ៊ុត ម៉ា​រី បានមក​បោក​លុយ​នាង ចំនួន ៦៥០០ ដុល្លារ និង​បង​នាង ( ឃឹម ពិសី ) ចំនួន ៩០០០ ដុល្លារ ដោយ​អះអាងថា យកទៅ​រត់ការ ក្នុង​រយៈពេល​តែ ៣​ខែ នាង និង​បងប្រុស នឹង​បាន​ចូលរៀន និង​ធ្វើជា​ទាហាន ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ តែ​រហូតដល់​ពេលនេះ ជាង ១​ឆ្នាំ​ហើយ មិនបាន​សម្រេច ហើយ​ទារលុយ​វិញ ក៏​មិនបាន​។​

​ជនរងគ្រោះ ទាំង ២​នាក់ ស្នាក់នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ បានប្រកាស​ស្នើសុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ ពិសេស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងករណី​ទាហាន​ស្ត្រី អ៊ុត ម៉ា​រី បោក​លុយ​នាង ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ កងទ័ព នៃ​ក្រសួងការពារជាតិ កាលពី​ពី​ខែមេសា ឆ្នាំ​២០១៨​។

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ស្ត្រី​ឈ្មោះ អ៊ុត ម៉ា​រី បាន​ទទួលស្គាល់ថា នាង​បានទទួល​លុយ​ពី​បុរស​ស្ត្រី​ទាំងពីរ​នេះ​ពិតប្រាកដ​មែន ហើយ​នាង​បាន​យកលុយ​ទាំងនោះ ប្រគល់​បន្ត​ឲ្យ​ទៅ​មេ​នាង ឈ្មោះ ជា លីម មាន​តួនាទី​ជា​នាយករង​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​បញ្ជាការ​ដ្ឋា​ន​កងយោធពល​ខេមរភូមិន្ទ​។​

​ស្ត្រី​យោធា អ៊ុត ម៉ា​រី បន្តថា កន្លងមក នាង​ក៏បាន​រត់ការ ជួយ​ឲ្យ​បងស្រី​របស់ ហន សុ​ផា បាន​ចូល​ធ្វើជា​ទាហាន ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ ដោយបាន​ចូលរៀន​ពេទ្យ​ទាហាន រួចមកហើយ​។​

​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ មិនទាន់មាន​ការបកស្រាយ បែបណា ពី​លោក ជា លីម នាយករង​បុគ្គលិក អគ្គបញ្ជាការ ដែល​ស្ត្រី​ទាហាន អ៊ុត ម៉ា​រី បាន​អះអាងថា ជា​អ្នកទទួល​លុយ​ពី​នាង យកទៅ​រត់ការ ឲ្យ​ស្ត្រី​បុរស ២​នាក់​នោះ ចូលធ្វើ​ទាហាន ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ នៅឡើយ​ទេ​៕​

( រូបភាពពីលោក ខាន់ ចាន់សុផល )

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com