ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អញ្ជើញ​បើក​វិញ្ញាសារ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃ​ទី​ពីរ​នៅ​មណ្ឌល​សាលា​បឋម​សិក្សា​២​ធ្នូ​

(​ស្វាយ​រៀង​)៖​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ តំណាង​ឯកឧត្ដម​ ម៉ែ​ន​ វិបុល​ អភិបាល​ខេត្តស្វាយរៀង​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វិញ្ញាសារ​សម្រាប់​ថ្ងៃ​ទី​ពីរ​ នៃ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រលង​ថ្ងៃ​ទី​១៩-២០​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​មណ្ឌល​សាលា​បឋម​សិក្សា​ ២​ធ្នូ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។​

​នា​ព្រឹក​ថ្ងៃ​អង្គារ​ ៥​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​គណៈមេប្រយោគ​អប្បមាទ​ ជំនួយការ​អប្បមាទ​ ប្រធាន​ អនុប្រធាន​ មណ្ឌល​ អ្នក​ ត្រួតពិនិត្យ​ តាម​អាគារ​ ប្រធាន​ អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​សាក្សី​លើ​ការ​ពិនិត្យ​ ភាព​បិទ​ ជិត​ មាន​បិទ​ស្កុ​ត​ និង​ត្រា​ ស្រោម​ប្រធាន​វិញ្ញាសា​ ដែល​ធានា​ថា​ពិតជា​គ្មាន​ការ​បែកធ្លាយ​នៅ​ចំពោះ​មុខ​បេក្ខជន​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ មាន​មណ្ឌល​ប្រលង​ សរុប​ ២០២​ មណ្ឌល​ ក្នុង​នោះ​ ថ្នាក់​វិទ្យាសាស្ត្រ​ ៧៥​ មណ្ឌល​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ១២៧​ មណ្ឌល​ មាន​ ៤៧២៥​ បន្ទប់​ ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១១៧០២៤​ នាក់​ ស្រី​ ៦០៤២១​នាក់​។​

​ក្នុង​នោះ​ ថ្នាក់​វិទ្យាសាស្ត្រ​ មាន​ចំនួន​ ៤៤៦៨៣​នាក់​ ស្រី​ ២៥២៨៥​នាក់​ មាន​ ១៨១០​បន្ទប់​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​ចំនួន​ ៧២៣៤១​នាក់​ ស្រី​ ៣៥១៣៦​នាក់​ មាន​ ២៩១៥​បន្ទប់​។​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com