លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ ប្តឹងដិតចិត្តចៅក្រមជំនុំជម្រះ រឿងលោក ខាន់ សុវណ្ណ ប្តឹងថាជេរប្រមាថ

(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅពុំទាន់អាចបើកសវនាការជំនុំជម្រះសំណុំរឿង ដែលលោក ខាន់ សុវណ្ណ ជាសកម្មជន Facebook ប្តឹងលោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ ពីបទ ជេរប្រមាថជាសាធារណៈ បាននៅឡើយទេ។

មូលហេតុដែល តុលាការសម្រេចលើកពេលជំនុំជម្រះសំណុំរឿងនេះ ត្រូវបាន លោក ខាន់ សុវណ្ណ ជាដើមបណ្តឹងប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយសារតែ លោក សាន្ត ប៊ុនធឿន ជាជនជាប់ចោទ ដាក់ពាក្យប្តឹងដិតចិត្ត ស្នើសុំប្តូរចៅក្រមជំនុំជម្រះ។

សូមបញ្ជាក់ថា សំណុំរឿងនេះ មានលោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការសវនាការ។ ហើយកាលព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោក លី សុខលេង ធ្លាប់បានលើក ពេលសវនាការម្តងរួចមកហើយ ព្រោះជនជាប់ចោទ សុំពន្យាពេល ដើម្បីរកមេធាវីការពារសិទ្ធិ។

តុលាការបាន កំណត់យកព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ជាថ្ងៃសវនាការជាលើកទី២ ប៉ុន្តែនៅតែមិនអាចបើកសវនាការបានពីព្រោះតែលោក សាន្ត ប៊ុនធឿន សម្រេចចិត្តប្តឹងដិតចិត្តចៅក្រមជំនុំជម្រះ។

សូមជម្រាបជូនថា លោក ខាន់ សុវណ្ណ បានដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ពីបទ ជេរប្រមាថជាសាធារណៈ តាមបណ្តាញសង្គម Facebook ដោយទាមទារសំណងជំងឺចិត្ត និងសេវាមេធាវី សរុបចំនួន ៤ម៉ឺនដុល្លារ។

គួររម្លឹកថា កាលពីអំឡុងដើមឆ្នាំ២០១៩ លោក សាន្ត ប៊ុនធឿន ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសម្តងរួចមកហើយ ពាក់ព័ន្ធបទល្មើស ជេរប្រមាថ ថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងបើកបរម៉ូតូក្រោមស្ថានភាពស្រវឹងមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com