វៀតណាម៖ ផ្ទុះជំងឺគ្រុនឈាមសម្លាប់មនុស្ស១៦នាក់

(ហាណូយ)៖ ក្រសួងសុខាភិបាលបាននិយាយថាជំងឺគ្រុនឈាមមានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ក្នុងប្រទេសវៀតណាមខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់១៦នាក់ក្នុងឆ្នាំ២០១៩នេះគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

នាយកដ្ឋានបង្ការរោគនៃក្រសួងសុខាភិបាលបានឲ្យដឹងថានៅទូទាំងប្រទេសមានករណីជំងឺគ្រុនឈាមប្រហែល១៣០.០០០ ករណី​ក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំនេះគឺខ្ពស់ជាង៣ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មន្ត្រីសុខាភិបាលបាននិយាយថាការផ្ទុះឡើងនៃជំងឺគ្រុនឈាមគឺនៅតំបន់ភាគកណ្តាល តំបន់ខ្ពង់រាបកណ្តាល និងខេត្តភាគខាងត្បូង។

​អាជ្ញាធរសុខាភិបាលបានចាត់វិធានការទប់ស្កាត់ព្រមទាំងណែនាំឲ្យប្រជាពលរដ្ឋបង្ការ​និងប្រុងប្រយ័ត្ន ហើយបើមានករណីអាការសង្ស័យត្រូវប្រញាប់ទៅមន្ទីរពេទ្យ។

​សូមជម្រាបថាជំងឺគ្រុនឈាមតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសវៀតណាម ប៉ុន្តែការឆ្លងខ្ពស់បំផុតគឺក្នុងរដូវភ្លៀងខែមេសាដល់ខែតុលានៅភាគខាងជើងនិងខែមិថុនាដល់ខែធ្នូនៅភាគខាងត្បូង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com