កម្ពុជាស្នើវៀតណាម​ជំរុញ​កំណើន​វិនិយោគ​ផ្ទាល់មក​កម្ពុជា​ឲ្យបានច្រើនជាង ៥ពាន់លាន​ដុល្លារ

(ភ្នំពេញ)៖ ប្រមុខដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​ ​បានស្នើ​សុំ​ និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ជួយ​ជំរុញ​ការបណ្តាក់ទុន​វិនិយោគ​បាន​ជាង ៥០០០លាន​ដុល្លារ ដើម្បី​​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ល្អប្រសើរ។

ក្នុងជំនួបជាមួយ​លោក ង្វៀន វ៉ាន់​ណេ​ន លេខាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​ខុទ្ទកាល័យ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែសីហានេះ សម្ដេចតេ​ជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ច​ទំនាក់ទំនង​រវាង​កម្ពុជា វៀតណាម គឺមាន​ភាពជិតស្និទ្ធ និង​យូរអង្វែង​មកហើយ ហើយ​ការធ្វើ​ពាណិ​​ជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ទំហំធំធេង​ផងដែរ។

សម្ដេច​ក៏បាន​មានប្រសាសន៍​អំពីស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតនៅក្នុង​ភាពរឹងមាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​គឺ​ស្ថិតនៅក្នុង​រង្វង់៧ភាគរយ ហើយ​សម្តេចតេ​ជោ ក៏បាន​មានប្រសាសន៍​អំពី ​ការធ្វើកំណែទម្រង់​រយៈពេល​នេះ និង​រយៈពេល​ទៅមុខ ហើយ​កម្ពុជា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ពង្រីក​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យបាន​ច្រើន​ជាង​​លទ្ធផល ដែល​ទទួលបាន​នាពេល​បច្ចុប្បន្ននេះ។

ជា​កិច្ច​ឆ្លើយតប លោក ង្វៀន វ៉ាន់​ណេ​ន បានបង្ហាញ​ពី​ក្ដី​រីករាយ​ក្នុង​ភាព​សហការ​ជា​ដៃគូ​រវាង​ប្រទេស​ទាំង២ ហើយក៏​ទទួលស្គាល់​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស​របស់​កម្ពុជា​ផងដែរ។ ជា​មួយគ្នានេះ លោក​ក៏បាន​សន្យា​ពាំ​នាំនូវ​គោលបំណង​ដែល​រដ្ឋាភិបាល​កម្ពុជា​លើកឡើង ទៅធ្វើ​ការផ្សព្វ​ផ្សាយ​បន្ត​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ជំរុញ​ទឹកចិត្តអ្នកវិនិយោគ​ឲ្យមក​ចាប់អារម្មណ៍​ចាប់​ដៃគូជា​មួយ​​កម្ពុជា​បន្ថែមទៀត៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com