កម្ពុជាកំណត់យកកីឡា៣០ប្រភេទចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ ស៊ីហ្គេម ២០១៩

(កម្ពុជា)៖ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យក៣០ប្រភេទកីឡា សម្រាប់ការចូល រួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣០ នៅប្រទេស ហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ពេលនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ អប់រំ យុវជន និងកីឡាបានចេញបញ្ជីប្រតិភូជាផ្លូវការហើយ ដោយប្រតិភូកីឡាកម្ពុជាមានចំនួន ៤០០នាក់ ក្នុងនោះមាន៣០ប្រភេទកីឡា និងប្រកួតលើវិញ្ញាសាសរុបចំនួន១៧៦ ប្រតិភូដឹកនាំ និងមន្ត្រីកីឡា ៤២នាក់, អ្នកដឹកនាំក្រុម ២៩នាក់, គ្រូបង្វឹក និងគ្រូ ជំនួយ ៦៣នាក់, កីឡាករ ១៨៨ នាក់, កីឡាការិនី ៧១នាក់ និងអាជ្ញាកណ្តាល ៨នាក់។

ក្នុងបញ្ជីប្រភិភូនេះបានកំណត់នូវចំណុច៤ផ្នែកធំៗ ដោយ៩ប្រភេទកីឡាត្រូវបានចាត់ទុកជាប្រភេទ កីឡាសក្តានុពលក្នុងការដណ្តើមមេដាយ រួមមាន៖ តេក្វាន់ដូ WT ប៉េតង់ ជឺជីតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោ ចំបាប់។ ប្រភេទកីឡាប្រជាប្រិយ៍ រួមមាន៖ បាល់ទះលើក្តារ បាល់ទះឆ្នេរ ខ្សាច់ បាលទាត់ U22 និងបាល់បោះ។ ប្រភេទកីឡាចំបាច់ ចំនួន១៥ រួមមាន៖ អត្តពលកម្ម ហែលទឹក កាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសី ប្រណាំងទោចក្រយាន គុនដាវ វាយកូនគោល ទូកក្តោង ការ៉ាតេ យូដូ ទ្រីយ៉ាត្លុង កីឡារាំ សូហ្វតិន្នីស ទូកប្រពៃណី-កានូ ឃិកបុកស៊ីង។ ចំពោះប្រភេទកីឡាក្រៅការប្រមូលផ្តុំ មាន២ប្រភេទកីឡា គឺកីឡាអេឡិចត្រូនិក (E-Sport) និងហុកគី។ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្ដើមដំណើរប្រកួតផ្លូវការ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកគណៈកម្ម ការទទួលខុសត្រូវរួម ហើយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកជានាយបេសកកម្ម អមដោយនាយរងបេសកកម្ម២រូប។

សូមរំឭកថា កាលពីស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី គឺព្រះរាជាណាចក្រកម្ពុជាបាន ឈ្នះមេដាយមាស ៣វិញ្ញាសា (តេក្វាន់ដូ WT ប៉េតង់ និងប្រដាល់គុនខ្មែរ) មេដាយប្រាក់ ២វិញ្ញាសា និងមេដាយសំរឹទ្ធ ចំនួន១២វិញ្ញាសា សរុបមេដាយចំនួន១៧វិញ្ញាសា ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេស ក្នុងអាស៊ីអាគ្នេយ៍ ដោយកម្ពុជាឈរលើ៣ប្រទេស គឺឡាវ មេដាយមាស២ ខណៈ
ប្រ៊ុយណេ និងទីម័រខាងកើត គ្មានមេដាយមាស ដូចគ្នា៕

ប្រភព៖ PP SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com