EU នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា​ ពិសេសផ្ដោត​ទៅ​លើគ្រប់វិស័យ​ និង​ទំនាក់ទំនង​ភាព​ជាដៃគូ​

(ភ្នំពេញ)៖ សហភាពអឺរ៉ុប EU នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត ជាពិសេសការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង EU ជាមួយកម្ពុជា ​ជាពិសេសការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្ដេច​តេជោ ហ៊ុន សែន ជាមួយ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែល​បានចប់​អណត្តិ​ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោក George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផលសំខាន់ៗរបស់ឯកឧត្តមនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលលោកបានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា។

កន្លងមកនេះ លោក George Edgar ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ដូច្នេះសរុបមក លោក បានរស់នៅកម្ពុជារយៈពេល៧ឆ្នាំមកហើយ។ លោកបានបញ្ជាក់ពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរ លោកបានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។

ជាមួយគ្នានេះ EU នឹងប្រកាសជួយដល់កម្ពុជានៅថ្ងៃទី២១ សីហាខាងមុខនេះ នូវទឹកប្រាក់ជាង​១០០​លានដុល្លារសម្រាប់វិស័យជលផល ដែលជាវិស័យដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍
ដែល​​វិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនតែម្ដងកាលពីឆ្នាំ២០១២ ហើយ EU បានជួយទៅដល់វិស័យមួយនេះ ដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង