ក្រុមហ៊ុន មាន​គោលនយោបាយ​ច្បាស់លាស់ ជូន​អាជីវករ ក្នុងការ​សាងសង់​ផ្សារ​ទំនើប សេន ជូ​រី ផ្លា​ហ្សា

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមហ៊ុន សេន ជូ​រី ហ្គ្រុ​ប មាន​គោលនយោបាយ ដោះស្រាយ​ច្បាស់លាស់ ជូន​អាជីវករ ដោយបាន​ឯកភាព​រៀបចំ​កន្លែង​លក់ដូរ​បណ្តោះអាសន្ន​ដល់​អាជីវករ នៅ​ផ្សារ សេន ជូ​រី ផ្លា​ហ្សា ក្នុងពេល​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​ទំនើប​ថ្មី​។ អាជ្ញាធរ បាន​ប្រើប្រាស់​សួន​កុមារ​ពោធិ៍ចិនតុង ជា​ផ្សារ​បណ្តោះអាសន្ន សម្រាប់​អាជីវករ លក់ដូរ ក្នុង​រយៈពេល​សាងសង់​ផ្សារ​ទំនើប សេន ជូ​រី ផ្លា​ហ្សា ដែល​ស្ថិតនៅ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ២​ឆ្នាំនេះ​។​

​ដោយ​ស្ថានភាព​ផ្សារ​សេន​ជូ​រី ផ្លា​ហ្សា បច្ចុប្បន្ន មាន​សភាព​ចាស់​ទ្រុឌទ្រោម ពុំមាន​សោ​ភណ្ឌ​ភាព អនាម័យ​ទាំង​ក្នុង​ផ្សារ និង​ជុំវិញ​បរិវេណ​ផ្សារ បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ នៅតាម​ដងផ្លូវ និង​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​បាត់បង់​នូវ​សោ​ភណ្ឌ​ភាព អនាម័យ បរិស្ថាន​ល្អ នៅក្នុង​ផ្សារ និង​ជុំវិញ​បរិវេណ​ផ្សារ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយមាន​ការឯកភាព​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​រាជរដ្ឋាភិបាល សម្រេច​ឲ្យ​ក្រុមហ៊ុន សេន​ជូ​រី ហ្គ្រុ​ប ធ្វើការ​វិនិយោគ​សាងសង់​ផ្សារ​ទំនើប ដែលមាន​កម្ពស់ ៧​ជាន់​។​

​ការផ្សព្វផ្សាយ​ពី​គម្រោង​សាងសង់​ផ្សារ​ទំនើប សេន​ជូ​រី ផ្លា​ហ្សា ដល់​អាជីវករ​ផ្សារ​ឯកជន និង​អាជីវករ​ផ្សារ​រដ្ឋ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​។ ពិធី​ផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ រួមជាមួយ​ក្រុមហ៊ុន សេន ជូ​រី ហ្គ្រុ​ប ដោយបាន​លើក​បង្ហាញ​ពី​គម្រោង​វិនិយោគ​សាងសង់​ផ្សារ​ទំនើប​ថ្មី និង​សំណង់​ផ្សារ​បណ្តោះអាសន្ន នៅ​សួន​កុមារ​ពោធិ៍ចិនតុង ចំនួន ០២​ពេល​។​

​គំរូ​ប្លង់ បច្ចេកទេស​សំណង់​ផ្សារ​ទាំងពីរ ( ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ) រយៈពេល​សាងសង់ លក្ខខណ្ឌ​នៃ​កិច្ចសន្យាជួល និង​តម្លៃ​សេវា​ជួល​តូប ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន សេន ជូ​រី ហ្គ្រុ​ប លើក​បង្ហាញ​ដល់​អាជីវករ ក្នុង​ពិធី​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​។ បងប្អូន​អាជីវករ ក៏បាន​លើក​ជា​សំណើ សំណួរ សំណូមពរ ព្រមទាំង​អ្នកពាក់ព័ន្ធ​នឹង​សំណួរ បាន​បកស្រាយ​បំភ្លឺ​ជូន​អាជីវករ​យ៉ាង​លម្អិត​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩ ក្រុមអាជីវករ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន នៅ​ផ្សារ សេន ជូ​រី ផ្លា​ហ្សា បាន​យល់ព្រម​រើ​តូប ទៅ​លក់​នៅ​ផ្សារ​បណ្តោះអាសន្ន ពេល​ក្រុមហ៊ុន​សាងសង់​រួច​។

អាជីវករ បាន​ព្រមព្រៀង​ទទួលយក​នូវ​ដំណោះស្រាយ ដែល​សម្រេច នៅក្នុង​គោលការណ៍​របស់​អភិបាលរង​រាជធានី​ភ្នំពេញ គឺ​ទទួលយក​គោលការណ៍​ទាំងស្រុង សមរម្យ រវាង​ក្រុមហ៊ុន និង​អាជីវករ​។

​តែ​ក្រោយពី​កិច្ចប្រជុំ ដោយមាន​ជនខិលខូច​មួយចំនួន នាំ​បះបោរ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ខ្លួនឯង បាន​បំផ្លើស បំ​ផ្លៃ​ព័ត៌មាន និង​បំភិតបំភ័យ​ដល់​អាជីវករ​ផ្សេង​ឲ្យ​មានការ​ភ័យ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ មាន​អាជីវករ​នៅ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​មួយចំនួន បានធ្វើ​ការតវ៉ា​។ តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្របសម្រួល និង​កំណត់​យក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ប្រជុំ​ដោះស្រាយ​ជាមួយ​អាជីវករ​អ្នក​តវ៉ា​។​

​រិឯ​តំណាង​ក្រុមហ៊ុន សេន ជូ​រី ផ្លា​ហ្សា បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុមហ៊ុន មាន​គោល​នយោបាយ​​ច្បាស់លាស់ ក្នុងការ​ដោះស្រាយ​ជូន​អាជីវករ​ទាំងអស់ នៅ​ផ្សារ សេន​ជូ​រី គឺ​៖

១-​នៅពេល​សាងសង់​ផ្សារ​ទំនើប​ថ្មី​នេះ ក្រុមហ៊ុន បាន​ខ្ចី​សួន​កុមារ ពោធិ៍ចិនតុង នៅមុខ​ផ្សារ សេន​ជូ​រី ចាស់ ដើម្បី​សាងសង់​ផ្សារ​បណ្តោះអាសន្ន ឲ្យ​អាជីវករ លក់ដូរ​

២-​ក្រុមហ៊ុន មិន​យកប្រាក់​ឈ្នួល លើ​ការលក់ដូរ នៅ​ផ្សារ​បណ្តោះអាសន្ន​នេះ​ទេ​។ នៅពេល​សាង​សង់​ផ្សារ​ថ្មី​រួចរាល់ ទើប​ក្រុមហ៊ុន យក​ថ្លៃ​សេវា​ជួល​តូប ទាប​បំផុត ដូច​ការព្រមព្រៀង​ខាងលើ ក្នុង​ថ្ងៃ​ប្រជុំ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​។

៣-​ដោយសារ​មាន​ជនខិលខូច បះបោរ បង្កបញ្ហា បាន​នាំ​ពាក្យសម្តី ចាក់រុក ឆ្កឹះឆ្កៀល បំផុសបំផុល ដើម្បី​ចំណេញ​ប្រយោជន៍​ខ្លួនឯង មិន​គិតពី​ប្រយោជន៍​រួម មិន​គិតពី​ប្រយោជន៍​ប្រទេសជាតិ មុខមាត់​ប្រទេសជាតិ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ នាំ​ឲ្យ​ប៉ះពាល់​ទាំងមូល​។ ដូច្នេះ​សូម​អាជីវករ​ផ្សេងៗ កុំ​ជឿ​ទៅតាម​ជនខិលខូច ចាក់រុក ឆ្កឹះឆ្កៀល និយាយ​រឿង​អ្វី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង