មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ យកស្រូវពូជចំនួន៥តោន ទៅចែកជូនប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួត

(ព្រះវិហារ)៖ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បាននាំស្រូវពូជចំនួន៥តោនយកទៅចែកជូនប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួត ចំនួន ២០០គ្រួសារ នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថាស្រូវពូជ ដែលយកមកចែកជូនប្រជាកសិករនៅពេលនេះគឺបានមកដោយមាន ការគាំទ្រ ដោយកម្មវិធីប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា។ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការ គ្រោះមហន្តរាយ ខេត្តព្រះវិហារ។ ស្រូវពូជនេះជាប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ (ពូជស្រូវ សែនក្រអូប)។

លោក ពឹង ទ្រីដា ក៏បានសំដែងនូវការចូលរួមសោកស្តាយ ចំពោះបងប្អូនប្រជាកសិករ ដែលបានជួប នូវគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យខូចខាតដំណាំស្រូវ។ លោកបានបន្តថាដើម្បីជួយសម្រាលនូវ ការខ្វះខាតដល់បងប្អូនពិបាក ក្នុងការរកថវិកា មកទិញស្រូវពូជយកមកបង្កបង្កើនផលទៀតនោះ។ មន្ទីរកសិកម្មខេត្តរួមនឹងអាជ្ញាធរមូលដ្ឋាន បានចែកស្រូវពូជ ជូនប្រជាកសិករដោយឥតគិតថ្លៃ។

ប្រធានមន្ទីរបានគូសបញ្ជាក់ថាស្រូវពូជ ដែលនាំយកមកចែកជូនប្រជាកសិករនៅពេលនេះ គឺមាន ចំនួន៥តោន សម្រាប់ចែកជូនប្រជាកសិករ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន២៥គីឡូក្រាម។ ជាមួយគ្នានោះលោកក៏បានណែនាំឱ្យ ប្រជាកសិករ ត្រូវយកពូជស្រូវ ដែលទទួលបានថ្ងៃនេះទៅសាបព្រួសដកស្ទូងទាន់ពេលវេលាព្រោះ រដូវនេះជារដូវវស្សា មានទឹកគ្រប់គ្រាន់ ៕ (SN-សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com