អភិបាលខេត្តព្រះវិហារ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងបាននិទ្ទេស A ទទួលបានម៉ូតូ១គ្រឿង

ព្រះវិហារ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងបាននិទ្ទេស A ទទួលបានម៉ូតូ១គ្រឿង និទ្ទេស B ទទួលបានថវិកា៨០ម៉ឺនរៀល និងនិទ្ទេស C ទទួលបានថវិកា៥ម៉ឺនរៀល។

ការប្រកាសនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញបើកហិប វិញ្ញាសារប្រឡង នៅវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ។ ជាមួយគ្នាដែរលោកអភិបាល ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស ទាំងអស់ដែលត្រូវប្រឡងថ្ងៃនេះត្រូវតាំងចិត្តឱ្យបានរឹងមាំដោយមិនត្រូវមាន ការភ័យខ្លាចនោះទេ។ ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផល ល្អដើម្បី កិត្តិយស ខ្លួនឯងនិង ក្រុមគ្រួសារ។

សូមបញ្ជាក់ថាការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប១១៧.០២៤នាក់ (ស្រី៦០.៤២១ នាក់) ថយចុះ៣៧នាក់ បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ២០២ មណ្ឌល( ថ្នាក់ វិទ្យាសាស្ត្រ៧៥ មណ្ឌលនិង ថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល)ស្មើនឹង៤.៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់ វិទ្យាសាស្ត្រមាន ចំនួន៤៤.៦៨៣នាក់ ស្រី២៥.២៨៥នាក់ (១.៨១០បន្ទប់)ថ្នាក់វិទ្យាសាស្ត្រ សង្គម មានចំនួន៧២.៣៤១នាក់ ស្រី៣៥,១៣៦នាក់(២.៩១៥បន្ទប់)។

ដោយឡែកខេត្តព្រះវិហារមានបេក្ខជនដែលបានដាក់ពាក្យប្រឡងយកសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ក្នុងឆ្នាំ២០១៩នេះ មានចំនួន១.៣២៥នាក់។ ក្នុងនោះសិស្សស្រីមានចំនួន៦៦២នាក់។ មាន៣មណ្ឌល ស្មើនិង៥៣បន្ទប់។ ថ្នាក់វិទ្យាសាស្ត្រមាន១មណ្ឌល មានសិស្ស៣២៥នាក់ និងថ្នាក់ វិទ្យាសាស្ត្រ សង្គមមាន ២មណ្ឌល មានសិស្ស ចំនួន១.០០០ នាក់ ៕ (SN-សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com