ប្រឡងបាក់ឌុប ថ្ងៃទី១ បញ្ចប់ដោយរលូន បេក្ខជន ២នាក់ ធ្លាក់ដោយស្វយប្រវត្តិ ព្រោះយកសំណៅឯកសារ និង​ទូរស័ព្ទ ចូលបន្ទប់​ប្រឡង មានបញ្ហាសុខភាព ៤៣នាក់ អវត្តមានជាង ១៧០០នាក់​

​(ភ្នំពេញ)៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​១ នា​ថ្ងៃទី​១៩​សីហា​នេះ ត្រូវបាន​ក្រសួង​អប់រំ ប្រកាសថា ដំណើរការ​បានល្អ និង​ដោយ​រលូន ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង គួរឱ្យកត់សម្គាល់​ឡើយ​។​ ក្នុងនោះ នៅថ្ងៃទី១ នៃការប្រឡងបាក់ឌុបនេះ ត្រូវបានក្រសួង​អប់រំ ប្រកាសថា មានតែបេក្ខជន ២នាក់ប៉ុណ្ណោះ ដែលបានយកសំណៅឯកសារ និងទូរស័ព្ទ ចូល​បន្ទប់​ប្រឡង ដែលក្រសួងសម្រេចឲ្យ​​ធ្លាក់​ដោយ​ស្វយប្រវត្តិ ហើយមានបញ្ហាសុខភាព ៤៣​នាក់ អវត្តមាន​ជាង ១៧០០​នាក់​។ ​

​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើងថា ដំណើរការ​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១ ដំណើរការ​បានល្អ និង​ដោយ​រលូន ដោយសារ​បេក្ខជន​គោរព​តាម​បទ​ប្បញ្ញត្តិ ដែល​ក្រសួង​បានដាក់​ចេញ មន្ដ្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​កម្រង​ភារកិច្ច និង​សេចក្ដីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដោយមាន​កិច្ចសហការ​យ៉ាង​ជិត​សិ្ន​ទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ដ្រី​សុខាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ក្រៅពីនេះ អាកាសធាតុ នា​ថ្ងៃទី​១​នេះ មាន​ភាព​អំណោយផល​ល្អ​ដល់​បេក្ខជន និង​ដល់​ដំណើរ​ការរៀបចំ​ការប្រឡង​ផងដែរ​។

ក្រសួង​អប់រំ បន្តថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ​។ ដំណើរការ​សំណេរ​នៅតាម​មណ្ឌល​នីមួយៗ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អប្រសើរ ដោយសារ​មានការ​បំពេញការងារ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ និង​គណៈកម្មការ​អនុរក្ស​។

ជាមួយគ្នានេះ ក្រសួង​អប់រំ ក៏​បន្ថែមថា នៅ​ថ្ងៃទី​១​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ បាន​ប្រឡង​មុខវិជ្ជា​ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​ភាសាបរទេស ចំណែកឯ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម បាន​ប្រឡង​មុខវិជ្ជា ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​។

​ជារួម ក្រសួង​អប់រំ បាន​គូសបញ្ជាក់ថា បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទៅតាម​សមត្ថភាព​របស់ខ្លួន​រៀងៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃទី​១​នេះ មាន​បេក្ខជន​តែ ១​រូប​ប៉ុណ្ណោះ ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយរូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ ចូលក្នុង​បន្ទប់​ប្រឡង​។ ដូច្នេះ​ក្រសួង នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំងពីរ​រូបនេះ ដោយ​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។

​ក្រសួង​អប់រំ បាន​បន្ថែមថា នៅ​ថ្ងៃទី​១​នេះ បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។ បេ​ក្ខ ជន​មាន​បញ្ហា​សុខភាព មាន​ចំនួន ៤៣ ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន ១​រូប​ប៉ុណ្ណោះ ដែលមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​មិនអាច​បន្ត​ការប្រឡង​បាន​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com