សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ទទួល​ជួប​សវនាការ​ជាមួយ​លេខាធិការ​មជ្ឈិមបក្ស​ កុ​ម្មុ​យ​និ​ស្ត​ នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​

(​ភ្នំពេញ)​៖​ នា​រសៀល​ថ្ងៃ​ចន្ទ​ ៤​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​វិមាន​ព្រឹទ្ធសភា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ ណេ​ន​ (NGUYEN​ VAN​ NEN)​ លេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ និង​ជា​ប្រធាន​ខុ​ទ្ទ​ការ​ល័យ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​ គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ប្រជាជន​កម្ពុជា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយ​ និង​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​ឯកឧត្តម​ និង​គណៈប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នា​ឱកាស​នេះ​ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មាន​តាំងពី​យូ​លង់​ណាស់​មក​ហើយ​។​

​នា​ឱកាស​នោះ​ ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ណេ​ន​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​ ចំណាយពេល​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​លោក​ជំទាវ​ប្រធានរដ្ឋសភា​ និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​វៀតណាម​ ជូន​ចំពោះ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ព្រឹទ្ធសភា​។​

​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ណេ​ន​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ និង​របស់​ព្រឹទ្ធសភា​ រដ្ឋសភា​កម្ពុជា​ផង​ដែរ​។​

​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ណេ​ន​ បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​ដោយ​មើលឃើញ​ប្រទេស​ទាំង​ពីរ​ មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា​ ប្រកបដោយ​ចីរភាព​ និង​ស្ថិរភាព​។​ ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​ ផង​ដែរ​ ចំពោះ​រដ្ឋសភា​វៀតណាម​ និង​ព្រឹទ្ធសភា​កម្ពុជា​ ដែល​មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ ទាំង​ក្នុង​ ក្រប​ខណ្ឌ​ទ្វេរ​ភាគី​ ពហុភាគី​ និង​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នានា​ ដូច​ជា​ APU​ AIPA​ ។​ល​។​

​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ណេ​ន​ បាន​សម្តែង​នូវ​ការ​កោត​សរសេរ​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ ចំពោះ​ការងារ​បោះបង្គោល​ព្រំដែន​ បង្គោល​ខណ្ឌសីមា​រវាង​ប្រទេស​ទាំង​ពីរ​។​ ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​បាន​ជួយ​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ឈាន​ដល់​ការ​ចុះ​ ហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន​ និង​បង្គោល​ខណ្ឌសីមា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ អធិបតីភាព​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ នា​ខែកញ្ញា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​។​

​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ណេ​ន​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​កម្ពុជា​ ដែល​បាន​ជួយ​ប្រជាជន​វៀតណាម​ ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម​ជួប​ការ​លំបាក​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​សង្ឃឹម​ជឿជាក់​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ ព្រឹទ្ធសភា​ រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ រឹង​មាំ​ថែម​ទៀត​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ ង្វៀ​ន​ វ៉ា​ន់​ ណេ​ន​ ដែល​បាន​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​ នូវ​សេចក្តី​រីករាយ​ដែល​បាន​មើលឃើញ​នូវ​ទំនាក់ទំនង​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ កងទ័ព​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។​ ការ​រីក​ចម្រើន​នេះ​ បាន​ស្តែង​ឡើង​តាម​រយៈ​ ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្ស​និច្ច​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ​កំពូល​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ថា្ន​ក់​ដឹកនាំ​តាម​ក្រសួង​ ស្ថាប័ន​ អង្គការ​មហាជន​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​គាំទ្រ​គ្នា​ក្នុង​ក្រប​ខណ្ឌ​ នៃ​កិច្ច​សហប្រតិបត្តិការ​ វេទិកា​អន្តរជាតិ​នានា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ប្រជាជន​កម្ពុជា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ និង​ដឹងគុណ​ជា​និច្ច​ចំពោះ​បក្ស​ រដ្ឋ​ កងទ័ព​ និង​ប្រជាជន​វៀតណាម​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល​។​ ប្រទេស​កម្ពុជា​សូម​ប្តេជ្ញា​រក្សា​គោល​ជំហ​ឥត​ងាករេ​នូវ​ការ​ពង្រឹង​ និង​ព​ង្រឹ​ក​នូវ​ចំណង​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រ​ជ​ជន​ និង​ប្រទេស​ទាំង​ពីរ​ ក្រោម​ពាក្យស្លោក​ អ្នក​ភូមិ​ផង​ល្អ​ មិត្តភាព​ជា​ប្រពៃណី​ កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​ និង​យូរអង្វែង​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​បញ្ជាក់​ថា​ ព្រឹទ្ធសភា​កម្ពុជា​សូម​គាំទ្រ​ទាំងស្រុង​នូវ​រាល់​កិច្ច​សហប្រតិបត្តិការ​រវាង​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ និង​ចាត់​ទុក​លទ្ធផល​ដ៏​ធំធេង​ទាំងនេះ​ គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​ធានា​ដល់​ការ​ថែរក្សា​ សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំង​ក្នុង​ពេប​ច្ចុ​ប្បន្ន​ និង​ទៅ​អនាគត​។​ ក្នុង​នោះ​ ព្រឹទ្ធសភា​សូម​គាំទ្រ​ទាំងស្រុង​នូវ​ការ​ពិភាក្សា​ និង​បោះបង្គោល​ព្រំដែន​ និង​បង្គោល​ខណ្ឌសីមា​រវាង​ប្រទេស​ទាំង​ពីរ​ និង​បន្ត​លើកទឹកចិត្ត​ឱ្យ​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់​ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ដើម្បី​កសាង​ តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ ឱ្យ​ក្លាយទៅជា​ព្រំដែន​សន្តិភាព​ ស្ថិរភាព​ មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ ដើម្បី​ទុកជា​មរតក​សម្រាប់​កូនចៅ​ទាំង​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ថា​ ព្រឹទ្ធសភា​កម្ពុជា​ មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ ល្អ​ជាមួយនឹង​រដ្ឋសភា​វៀតណាម​ ទាំង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ពហុភាគី​ ក្នុង​ក្រប​ខណ្ឌ​តំបន់​ និង​អន្តរជាតិ​ ដូច​ជា​ AIPA,​ APF,​ IPU​ និង​ CLV​ ជាដើម​។​

​ក្នុង​នាម​ព្រឹទ្ធសភា​កម្ពុជា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋសភា​វៀតណាម​ ដែល​តែងតែ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ដល់​ព្រឹទ្ធសភា​កម្ពុជា​ ឆ្លើយ​តាម​ទៅ​តាម​សំណូមពរ​របស់​ព្រឹទ្ធសភា​កម្ពុជា​។​ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ទាំងនោះ​ ពិតជា​បាន​រួមចំណែក​ដល់​ការ​ជួយ​លើ​កម្ពស់​សមត្ថភាព​ស្ថាប័ន​ និង​លើ​កម្ពស់​ សមត្ថភាព​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​ ព្រឹទ្ធសភា​បាន​នឹង​កំពុង​ប្រើប្រាស់​នូវ​ជំនួយ​ឧបត្ថម្ភ​ទាំងអស់​ នោះ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​ទទួលខុសត្រូវ​។​

​តាម​រយៈ​គណៈប្រតិភូ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ផ្តាំផ្ញើ​នូវ​ការ​សួរសុខទុក្ខ​ចំពោះ​លោក​ជំទាវ​ប្រធានរដ្ឋសភា​ វៀតណាម​ ដោយ​សេចក្តី​គោរព​ នឹករលឹក​ និង​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​។​ ជាមួយ​គ្នា​នេះ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ ដែល​ប្រជាជន​វៀតណាម​សម្រេច​បាន​ ក្រោម​ការ​ដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម​ ដែល​មាន​ឯកឧត្តម​ ង្វៀ​ន​ ភូ​ត្រុ​ង​ ជា​អគ្គលេខាធិការ​ និង​សូម​ប្រសិទ្ធពរ​ជូន​បក្ស​ រដ្ឋាភិបាល​ កងទ័ព​ និង​ប្រជាជន​វៀតណាម​ សម្រេច​បាន​ជ័យជម្នះ​ ក្នុង​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​ ដើម្បី​កសាង​ប្រទេស​វៀតណាម​ ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ ស្រប​តាម​ទិស​ដៅ​ដែល​មហាសន្និបាត​លើក​ទី​១២​ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​ បាន​កំណត់​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ប្រសិទ្ធិ​ពរ​ជូន​គណៈប្រតិភូ​ សូម​ឱ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍​ បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com