​អឺរ៉ុបផ្តល់ជំនួយជាង​ ១០០លានដុល្លារ​ ជួយលើកស្ទួយ​វិស័យ​ជលផល​នៅ​កម្ពុជា​

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព បានប្រកាសផ្តល់ជំនួយ​ជាង ១០០លានដុល្លារសម្រាប់វិស័យជលផលនៅកម្ពុជា។

លោក George Edgar បានរស់នៅកម្ពុជារយៈពេល៧ឆ្នាំមកហើយ បានមើលឃើញពីការរីកចម្រើនយ៉ាង​ខ្លាំងរបស់ប្រទេសកម្ពុជា ហើយនៅក្នុងនេះលោកបានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។លោក​បន្តថា EU នឹងប្រកាសជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង ១០០លានដុល្លារ សម្រាប់វិស័យជលផល ដែលជាវិស័យដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ដែលវិស័យ​​នេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជា​ផលប្រយោជន៍របស់ប្រជាជនតែម្ដងកាលពីឆ្នាំ២០១២ ហើយ EU បានជួយទៅដល់វិស័យមួយនេះ ដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

បន្ថែមពីទៀត លោក George Edgar បានគូសបញ្ជាក់ថា EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ នៅក្នុងនេះដែរ លោកទូតក៏អបអរសាទរលើលទ្ធផលការងារក្នុងវិស័យទាំង២នេះ គឺវិស័យជលផល និងព្រៃឈើនេះ។

ក្នុងកិច្ចជំនួបនេះដែរ EU នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត ជាពិសេសការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង EU ជាមួយកម្ពុជា ជាពិសេសការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូនេះ។ នៅពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលនៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើន ក៏នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com