គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគម CCA នឹងសហការគ្នាអប់រំអាជីវករឲ្យយល់ពីគ្រឿងសម្អាងក្លែងក្លាយ

(ភ្នំពេញ)៖ ដើម្បីរួមចំណែកទប់ស្កាត់ការហូរចូល និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងកម្ពុជា (CCA) នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដល់បងប្អូនអាជីវករដែលកំពុងប្រកបរបរលក់គ្រឿងសម្អាង។

ការសម្រេចសហការគ្នាបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឧកញ៉ា អ៊ុច សម្បត្តិ ប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA និងសហការី នៅឯទីស្ដីការក្រសួមមហាផ្ទៃ។

នៅក្នុងជំនួបនេះ ភាគីទាំង២ បានព្រមព្រៀងនូវ ៣ចំណុចសំខាន់ៗរួមមាន៖ រៀបចំឲ្យមានការចុះកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាលើវិស័យគ្រឿងសម្អាង, កិច្ចសហការគ្នាដើម្បីបើកវគ្គបណ្ដុះបណ្ដាល ដល់ផលិតករក្នុងវិស័យគ្រឿងសម្អាង និងកិច្ចសហការគ្នាក្នុងការ ផ្សព្វផ្សាយច្បាប់ និងព័ត៌មាន ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដល់អាជីវករ និងផលិតករ ដែលនាំចូល ចែកចាយ ស្ដុក និងផលិតផលគ្រឿងសម្អាង នៅក្នុងប្រទេសកម្ពុជា៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com