​លោក​ ចាំង​ ឈាន​ ជា​អ្នក​បើក​ «​វិ​ថី​សូត​»​ និង​ការ​ទទួល​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា​មក​ប្រទេស​ចិន​ ​១២៦​ឆ្នាំមុន​គ​.​ស​

(​ភ្នំពេញ​)៖​ ដើម្បី​តទល់​នឹង​ការ​គំរាមកំហែង​របស់​សាសន៍​ Xiongnu​ ដែល​ជា​កុលសម្ព័ន្ធ​ដ៏​ខ្លាំងក្លា​នៅ​ទីវាល​ម៉ុង​ហ្គោ​លី​សម័យ​នោះ​ ព្រះ​អធិរាជ​ចិន​បាន​ចាត់​ឲ្យ​លោក​ ចាំង​ ឈាន​ ទៅ​ទិស​ខាងលិច​ដើម្បី​ទាក់ទង​ជាមួយ​កុលសម្ព័ន្ធ​ Yuezhi​ ដែល​ត្រូវ​ពួក​ Xiongnu​ សំលាប់​ស្តេច​ (​ពួក​ Xiongnu​ បាន​យក​លលាដ៍​ព្រះ​កេស​ស្តេច​នេះ​ ធ្វើ​ជា​ក្លាំ​ផឹកស្រា​)​ ហើយ​បំបែក​ខ្ចាត់ខ្ចាយរ​ត់ទៅ​រស់នៅ​ក្នុង​តំបន់​ តា​ស៊ា​ (​ចន្លោះ​ប្រទេស​ Afghanistan,​ Tadjikistan​ និង​ Ouzbekistan​ បច្ចុប្បន្ន​នេះ​)​។​

​មនុស្ស​តិច​ណាស់​ស្គាល់​លោក​ ចាំង​ ឈាន​ (Zhang​ Qian)​ ចិន​បាន​ចាត់​លោក​(​ចាំង​ ឈាន​)​ជា​វីរបុរស​ជាតិ​ ព្រោះ​លោក​គឺជា​អ្នក​បើកផ្លូវ​ឲ្យ​ប្រទេស​ចិន​មាន​ទំនាក់ទំនង​ទៅ​ទិស​ខាងលិច​ ពោល​ គឺ​លោក​ជា​អ្នក​បើក​ «​វិ​ថី​សូត​»​ ដំបូង​បង្អស់​របស់​ចិន​។​

​លោក​ ចាំង​ ឈាន​ ត្រូវ​ពួក​ Xiongnu​ ចាប់​បាន​ ហើយ​ស្ថិត​នៅ​ជា​អ្នកទោស​របស់​ពួក​ Xiongnu​ ជាង​១០​ឆ្នាំ​ រហូត​ដល់​រៀប​ការ​ជាមួយ​នារី​ Xiongnu​ ម្នាក់​ឈ្មោះ​ Nanuo​ និង​បានកូន​ប្រុស​មួយ​ និង​ ស្រី​មួយ​ ។​

​ក្រោយមក​ លោក​ ចាំង​ ឈាន​ បាន​លួច​រត់​ដោយ​ចេញ​តាម​ជ្រលង​ Ferghana​ ប្រទេស​ Afghanistan​ រហូត​ដល់​ប្រទេស​ តា​យាន់​ ដែល​នៅ​ទីនោះ​ស្តេច​ប្រទេស​នេះ​ផ្តល់​អ្នក​នាំ​ផ្លូវ​ឆ្លងកាត់​តំបន់​អាស៊ី​ កណ្តាល​ រហូត​ដល់​ជួប​ប្រជាជន​ Yuezhi​ ដែល​បាន​វាតទី​នៅ​តំបន់​ តា​ស៊ា​ (​ខាងជើង​តំបន់​ Hindu​ Kush​ ជាទី​ដែល​ស្តេច​ Alexander​ the​ Great​ បាន​ឆ្លងកាត់​)​ ។​

​នៅ​ក្នុង​តំបន់​ដែល​មាន​ដី​ប្រកបដោយ​ជីរ​ជាតិ​នេះ​ ជនជាតិ​ Yuezhi​ បាន​តាំងនៅ​ស៊ប់​ហើយ​មិន​មាន​បំណង​អ្វី​ធ្វើ​ចំបាំង​សងសឹក​នឹង​ពួក​ Xiongnu​ ទៀត​ទេ​ ។​

​លោក​ ចាំង​ ឈាន​ ក៏​វិល​ត្រលប់​វិញ​ដោយ​កាត់​តាម​តំបន់​ខាងត្បូង​តំបន់​ Yangzi​ និង​ តាម​ភាគ​នីរ​តី​នៃ​ប្រទេស​ចិន​ដែល​មិន​ដែល​មាន​ជនជាតិ​ចិន​ណា​ម្នាក់​បាន​មក​ដល់​ ។​ លោក​បាន​ប្រមូល​ព័ត៌មាន​យ៉ាងច្រើន​ពី​តំបន់​ទាំងនេះ​ ជា​ពិសេស​លទ្ធភាព​ដែល​ប្រទេស​ចិន​អាច​ឈាន​ទៅ​ខាងលិច​ដោយ​មិនបាច់​ឆ្លងកាត់​តាម​តំបន់​ដែល​ត្រួតត្រា​ដោយ​ពួក​ Xiongnu​ ។​

​លោក​ត្រូវ​ពួក​ Xiongnu​ ចាប់​បាន​ម្តងទៀត​ តែ​មួយ​ឆ្នាំ​ក្រោយមក​លោក​បាន​រត់​រួច​ទៀត​ដោយ​នាំ​ទាំង​ប្រពន្ធ​កូន​មក​ជាមួយ​ផង​ ។​ នៅ​ពេល​ទៅ​ដល់​ចាង​អាន​វិញ​ ស្តេច​ វូ​ទី​ មិន​គ្រាន់តែ​មិន​បន្ទោស​ពី​បរាជ័យ​នៃ​បេសកកម្ម​របស់​លោក​ទេ​ តែ​ព្រះមហាក្សត្រ​រីករាយ​ដោយ​តាម​រយៈ​របាយការណ៍​របស់​លោក​ ប្រទេស​ចិន​ដឹង​ពី​ប្រទេស​នៅ​ជ្រលង​ Ferghana​ ប្រទេស​នៅ​អាស៊ី​កណ្តាល​ រួម​ទាំង​ប្រទេស​ពែ​ក្ស​ផង​ ។​

​មិន​គ្រាន់តែ​ផ្តល់​ព័ត៌មាន​ពី​ភូមិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ លោក​ ចាំង​ ឈាន​ បាន​នាំ​ទៅ​ដល់​ប្រទេស​ចិន​ នូវ​ផលិតផល​មួយ​ចំនួន​ដែល​ចិន​មិន​ដែល​ស្គាល់​ពី​មុន​មក​ ដូច​ជា​ផ្លែ​ទទឹម​ ទំពាំងបាយជូរ​ ក្រចៅ​ ឳ​ឡឹ​ក​ ល្ងរ​ ….​ (​​១២៦ឆ្នាំ​មុន​ គ​.​ស​.)​ ។​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​ប្រវត្តិវិទូ​បាន​កំណត់​ថា​ ការ​បើកផ្លូវ​នេះ​ហើយ​ មិន​គ្រាន់តែ​ចិន​អាច​នាំ​ចេញ​ផលិតផល​សូត​របស់​ខ្លួន​ទៅ​ដល់​ចក្រភព​រ៉ូ​ម​ប៉ុណ្ណោះ​ទេ​ តែ​ក៏​បាន​ធ្វើ​ឲ្យ​ចិន​បាន​ទទួល​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា​មក​វិញ​ផង​ដែរ​៕​ (FBKKR)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com