សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤០

(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤០ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤០ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព”។

នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះនឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំមានដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំ ពេញអង្គកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ាជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់ អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរ សភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក ផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com