ព្រះរាជអាជ្ញា កែវ សុធា ចេញដីកាចោទប្រកាន់ ឧកញ៉ា ស្រី សុធា និងកូនប្រុស ដែលថៅកែក្រុមហ៊ុន 7NG ដោយស្នើឲ្យចៅក្រមស៊ើបចាប់ និងឃុំខ្លួនពួកគេ រឿងលក់ដីខ្យល់ឲ្យពលរដ្ឋ

(ភ្នំពេញ)៖ ក្រោយពីគេចវេសមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តំណាងអយ្យការចំនួន ២លើកនោះ ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG ត្រូវបាន លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទឆបោក ក្នុងសំណុំរឿងលក់ដីខ្យល់ ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

យោងតាម ដីកាសន្និដ្ឋានបញ្ជូលរឿងឲ្យស៊ើបសួរ លេខ៣៧៣៧ អ.យ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បញ្ជាក់ថា លោក កែវ សុធា បានចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះ លោក កែវ សុធា ក្នុងនាមជាតំណាងអយ្យការ ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទ ទាំង២នាក់ខាងលើ ដើម្បីបង្ការ ឬបញ្ចប់បទល្មើសកុំឲ្យកើតឡើងសារជាថ្មី និងដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។

ដីកាដដែលនេះ បន្ថែមថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ជនរងគ្រោះឈ្មោះ ឈុន ណាវី ភេទស្រី អាយុ ៣៨ឆ្នាំ បានទិញដី ទំហំ ១ម៉ឺនម៉ែត្រការ៉េ (១ហិកតា) ដោយមាន ក្បាលប្រវៃង ៥០ម៉ែត្រ គុណនិងបណ្តោយប្រវែង ២០០ម៉ែត្រ ពីក្រុមជនត្រូវចោទទាំង ២នាក់ខាងលើ ប៉ុន្តែអស់រយៈពេលជាង ១០ឆ្នាំមកហើយដែលជនរងគ្រោះមិនបានទទួលដីពីក្រុមហ៊ុន 7NG។

ប្រភពពីមន្ត្រី អមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ Swift News ដឹងថា លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បន្ទាប់ពីពួកគេ គេចវេសមិនព្រមចូលឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តំណាងអយ្យការ ចំនួន ២លើក។

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ មានករណីផ្ទុះការតវ៉ា និងទាមទារដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើននាក់ នៅក្នុងការិយាល័យលក់ដីឡូតិរបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់មក ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បានចេញមុខដោះស្រាយ និងសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យា ឲ្យបានមុនបំណាច់ឆ្នាំ២០១៩នេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com