មុន​ចាក​ចេញពី​កម្ពុជា លោក ហៃ​ដិ​ហិ​សា ហូ​រី​នូ​ជិ ឯកអគ្គរដ្ឋទូត​ជប៉ុន ជម្រាបលា​សម្តេច​ហេង​សំរិន​

(​ភ្នំពេញ​)៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ហៃ​ដិ​ហិ​សា ហូ​រី​នូ​ជិ (H.E. Mr. Hidehisa HORINOUCHI ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​

​ឯកឧត្តម ហៃ​ដិ​ហិ​សា ហូ​រី​នូ​ជិ (Hidehisa HORINOUCHI) បាន​លើកឡើងថា បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម នៅ​កម្ពុជា រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ ទទួលបាន​ជោគជ័យ​។ ជោគជ័យ ដោយសារ​មានការ​គាំទ្រ និង​ជួយ​សម្រួល​ពីស​ម្តេច​ប្រធានរដ្ឋសភា​មួយចំណែក​។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម​នៅ​កម្ពុជា គឺ​ចំពេល ដែល​សេដ្ឋកិច្ចកម្ពុជា មានកា​រីកចម្រើន ហើយ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ក៏មាន​ការរីកចម្រើន​រឹងមាំ​ជា​លំដាប់ ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ជាពិសេស គឺ​កម្ពុជា និង​ជប៉ុន បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញ​មក ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ឯកឧត្តម Hidehisa HORINOUCHI បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​គាំទ្រ​ដល់​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​។ នៅក្នុង​នោះ សម្តេច​តែងតែ​ឆ្លៀតពេល​មមាញឹក​ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប្រទេស​ជប៉ុន ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជប៉ុន​ដែល​ចប់​អាណត្តិ មាន​សង្ឃឹមថា សម្តេច​ប្រធានរដ្ឋសភា​នឹង​បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។​

​ចំណង​ការទូត​កម្ពុជា​និង​ជប៉ុន មាន​រយៈពេល​ជាង ៦៥​ឆ្នាំ​មកហើយ​។ ក្នុង​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ ប្រទេស​ជប៉ុន​បាន​បង្កើត​ការិយាល័យ​កុងស៊ុល​ជប៉ុន នៅ​ខេត្តសៀមរាប​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កត់សម្គាល់ថា ចាប់តាំងពី​ឆ្នាំ​២០១៣ មក វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ប្រទេស​ទាំងពីរ បាន​ក្លាយជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​”​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ រួមគ្នា​លើកកម្ពស់​ចំណង​ការទូត​នេះ យ៉ាងសកម្ម​ផុលផុស​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ ព្រមទាំង​បានប្រែក្លាយ​ទៅជា​ផលប្រយោជន៍​ជាក់ស្តែង​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ប្រទេស​ជប៉ុន​ដែល​បាន​ជួយ​គាំទ្រ​និង​ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា​រហូតមក​។ សម្តេច​បាន​មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ស្នាក់នៅ​កម្ពុជា​នេះ ឯកឧត្តម​ឯកអគ្គរាជទូត បានឃើញ​ពី​ដំណើរការ​អនុវត្ត​ន៍ល​ទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​។ កម្ពុជា​បាន​អនុវត្ត​ពេញលេញ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ សម្តេច​បាន​អរគុណ​ជប៉ុន ចំពោះ​ការ​គ្រាំទ្រ​ការកែទម្រង់​ការបោះឆ្នោត និង​ការលើក​កំពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​សម្តេច​ប្រធាន​បាន​ស្នើសុំ​ប្រទេស​ជប៉ុន ជូ​យ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត ជាពិសេស​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com