មន្ត្រីជាន់ខ្ពស់សហព័ន្ធ៖ វិស័យកីឡាទូកនាគ ទូកកានូ និងទូករ៉ូអ៊ីង អភិវឌ្ឍកាន់តែលឿន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

(ពោធិ៍សាត់)៖ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ តាមដងស្ទឹងពោធិ៍សាត់ នៅចុងសប្តាហ៍នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានកត់សម្គាល់អំពីវឌ្ឍនភាពកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬទូកនាគ ទូកកានូ និងទូករ៉ូអ៊ីង នៅកម្ពុជាបានកើនឡើងនូវការអភិវឌ្ឍកាន់តែលឿន ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយពីវិស័យកីឡាជំនាញមួយនេះត្រូវបានកែ ទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនកាលពីពេលកន្លងទៅ។

ឯកឧត្តមអនុប្រធានទី១សហព័ន្ធបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីង កម្ពុជាបានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យ ដោយបានផ្តល់ឱកាសជូនកីឡាករ-កីឡាការិនីបានបញ្ចេញទេពកោសល្យ វាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ក៏ដូចជាផ្តល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលចូលមក ទស្សនា និងធ្វើដំណើរឆ្លងកាត់ទីរួមខេត្តពោធិ៍សាត់។

ឯកឧត្តមក៏បានលើកឡើងអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចជាតិ និងសមិទ្ធផលផ្នែកសង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាំឲ្យកម្ពុជាទទួលបានការកោតសរសើរ និង ទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣។

ដើម្បីធ្វើឲ្យវិស័យកីឡាទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី ទូកនាគ នៅកម្ពុជាកាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាព គឺសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជាត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ យើងត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ជាពិសេស គឺសមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងស្ថាប័ន ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតទាំងថ្នាក់ភូមិភាគ និង ថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ ចាប់ពីឆ្នាំ២០២០ តទៅ។

ឯកឧត្ដមបានជំរុញឲ្យពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និង ចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត៕

ប្រភព៖ PP SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com