អគ្គលេខាធិការ CAMSOC ស្នើដោយទទូចឲ្យមន្ត្រីនានាខិតខំធ្វើការងារឈរលើស្មារតីគុណធម៌ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

(កម្ពុជា)៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) នៅពេលថ្មីៗនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានស្នើដោយទទូចដោយសុំឲ្យមន្ត្រីស្ម័គ្រចិត្តរបស់ខ្លួនទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ដោយធ្វើការឈរលើស្មារតីគុណធម៌ជាចម្បង ដើម្បីសម្រេចគោលដៅប្រសិទ្ធភាពការងារដោយរលូន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងម្តងហើយម្តងទៀតដោយធ្វើយ៉ាងណាឲ្យមន្ត្រីទាំងអស់ប្រកាន់ខ្ជាប់នូវសុជីវធម៌ ការគួរសម្យ ភាពរួសរាយរាក់ទាក់ ភាពទន់ភ្លន់ ប៉ុន្តែមានភាពម៉ឺងម៉ាត់ហ្មត់ចត់ ដើម្បីឲ្យក្លាយទៅជាកន្លែងមួយដែលផ្តល់សេវាល្អប្រកបដោយគុណភាព ហើយធ្វើឲ្យអ្នកប្រាស្រ័យទាក់ទងការងារទាំងឡាយដែលមកពីគ្រប់ទិសទីទទួលបាននូវភាពកក់ក្តៅ ទំនុកចិត្តខ្ពស់ និងធ្វើឲ្យគេស្រឡាញ់ចូលចិត្តទៀតផង។ ឯកឧត្តមចង់ឃើញមន្ត្រីរបស់ខ្លួនទាំងអស់មានសាមគ្គីភាពផ្ទៃក្នុងល្អ ឥរិយាបទល្អ និងមានប្រសិទ្ធភាពការងារល្អជាមួយនិងកិច្ចការប្រាស្រ័យទាក់ទងជាមួយនឹងសហព័ន្ធកីឡាជាតិនានា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ជាតិ ជាពិសេសគឺទំនាក់ទំនងជាលក្ខណៈអន្តរជាតិជាមួយនឹងបណ្តាប្រទេសនានាផងដែរ។

ឯកឧត្តមស្នើឲ្យមន្ត្រីស្ម័គ្រចិត្តនានាខិតខំឲ្យអស់ពីសមត្ថភាព ដោយធ្វើការក្នុងស្មារតីសាមគ្គីភាពផ្ទៃក្នុង រឹងមាំ ដើម្បីរួមគ្នាធ្វើកិច្ចការទាំងអស់នេះឲ្យដំណើរការដោយរលូន។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាប្រធាន ដែលចង្អុលបង្ហាញ និងជាម្លប់ដ៏ត្រជាក់ដល់មន្ត្រីក្រោមឱវាទទាំងឡាយគោរពស្រឡាញ់។ រីឯឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ក៏ជាថ្នាក់ដឹកនាំដែលមានភាពសាមញ្ញ ដែលតែងតែផ្តល់ការប្រាស្រ័យទាក់ទងការងារជាមួយមន្ត្រីយើងបានយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រីស្ម័គ្រចិត្តទាំងអស់ឲ្យខិតខំធ្វើយ៉ាងណាក្លាយជាកម្លំាងដ៏មុតស្រួច ដើម្បីគោលដៅដ៏ធំចម្បងគឺស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលយើងមើលឃើញគោលដៅច្បាស់លាស់នោះហើយ គឺយើងអាចនាំគ្នាដើរតាមគន្លងឆ្ពោះទៅរកគោលដៅនោះប្រកបដោយជោគជ័យបានហើយ។

ឯកឧត្តមបញ្ជាក់ជូនថា ស៊ីហ្គេម នៅកម្ពុជាគ្រោងនឹងធ្វើនាឆ្នាំ២០២៣ ហើយហេតុអ្វីដែលយើងត្រូវដើរពីឥឡូវនេះទៅ ពីព្រោះថា យើងត្រូវធ្វើការងារជា៣ដំណាក់កាល គឺការរៀបចំមុនស៊ីហ្គេម ក្នុងអំឡុងពេលស៊ីហ្គេម និងក្រោយប្រកួតស៊ីហ្គេម ដោយត្រូវមានភារកិច្ចជាច្រើនដែលត្រូវបំពេញ ហើយក៏
មិនទាន់បញ្ចប់ត្រឹមស៊ីហ្គេម ឆ្នាំ២០២៣ នោះដែរ ពោលគឺនឹងត្រូវបន្តរៀបចំអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ)មួយទៀត ក្រោយស៊ីហ្គេម ២សប្តាហ៍ ឬ១ខែ ហើយត្រូវបន្តរៀបចំធ្វើរបាយការណ៍ក្នុងស្រុក អន្តរជាតិ និងឯកសារប្រវត្តិសាស្រ្ត ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។

ឯកឧត្ដមអគ្គលេខាធិការបានបន្តទៀតថា ដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងចរន្តការងារល្អក្នុងលេខាធិការដ្ឋាន CAMSOC ត្រូវមានយន្តការចំនួន៣ គឺទី១-យន្តការរដ្ឋបាល ដែលលេខាធិការដ្ឋានមានតួនាទី និងភារកិច្ចសម្របសម្រួលការងារ។ ទី២-យន្តការហិរញ្ញវត្ថុ ដែលដើរស្របគ្នាជាមួយយន្តការរដ្ឋបាល ក្នុងពេលដែលមានតម្រូវការផ្គត់ផ្គង់ និងទី៣-ដំណើរការគេហទំព័រ CAMSOC ដែលត្រូវដើរមុនគេ ដើម្បីជំរុញដល់ការផ្សព្វផ្សាយនូវបណ្តុំពត៌មានជាផ្លូវការទាក់ទងនឹងស៊ីហ្គេម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com