គ្រាប់ផ្លោងអាមេរិក mk 82 សល់​ពី​សម័យ​សង្គ្រាម លន់ នល់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក្នុងពេល​កំពុង​បង់សំណាញ់​

(​កំពង់ធំ​)៖ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ អមដំណើរ​ដោយ​លោកស្នងការ​ខេត្តកំពង់ធំ និង​លោក​អភិបាលក្រុង​ស្ទឹងសែន បាន​អញ្ជើញ​ចុះ​ពិនិត្យ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ ប្រភេទ mk82 របស់​សហរដ្ឋអាមេរិក ដែល​សល់​ពី​សម័យ​សង្គ្រាម លន់ នល់ ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ នៅ​មាត់​ស្ទឹង​ក្នុងភូមិ​ប្រ​ម៉ាត់ ដី​ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។

​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា គ្រាប់ mk82 មួយ​គ្រាប់​នេះ ជា​ស្នាដៃ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ទម្លាក់​កាលពី​សម័យ​សង្គ្រាម លន់ នល់ ក្នុងអំឡុង​ឆ្នាំ 1970 – 1975​។ នៅក្នុង​សម័យកាល​នោះដែ​រ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភាពលំបាក​វេទនា​យ៉ាងខ្លាំង ដោយ​ត្រូវ​រង​នូវ​ការធ្វើ​សឹកសង្គ្រាម ការទម្លាក់​គ្រាប់បែក ការបាញ់​ផ្លោង ការបាញ់រះ ការបាញ់​ផ្តក់​រវាង​ភាគី​ជម្លោះ​កម្ពុជា​បានធ្វើអោយ​ប្រជាជន​នាំគ្នា​ភៀសខ្លួន​ស្វែងរក​ទី​សុវត្ថិភាព​។ ប្រជាជន​រង​ទុក្ខលំបាក​វេទនា និង កំសត់​ទុរគត ព្រោះ​ខ្វះ​ស្បៀង អ្នកស្រែ​ចំការ​ដែល​ឃ្លាត​ពី​ភូមិ​ស្រុក​បាត់បង់​មុខរបរ គ្មាន​ការងារ​ធ្វើ ព្រាត់ប្រាស់​គ្រួសារ ។ សង្គ្រាម​បាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ​ក្មេង​កំព្រា អ្នកមាន​ជំងឺ អ្នករបួស ជន ពិការ​ជាច្រើន​សែន​នាក់​។​

​ឯកឧត្តម​ក៏បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ គឺ​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព​ល្អ​ណាស់ ។ ដូច្នេះហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ការគាំទ្រ​ដល់​សម្ដេច​ដើម្បី​ដឹកនាំ​ប្រទេស​ជា​បន្តទៅទៀត​។

​ក្រុមមន្ត្រី​ស៊ីម៉ាក់ បានបញ្ជាក់​ផងដែរ​ថា​គ្រាប់ mk82 នេះ ជា​ផលិតផល​របស់​សហរ​ដ្ឋ​អាមេរិក ដែល​ត្រូវបាន​យន្តហោះ​ទម្លាក់ កាល​នៅក្នុង​អំឡុង​ឆ្នាំ 1970 – 1975 ជា​សម័យ​សង្គ្រាម​ក្នុងការ​ដឹកនាំ ធ្វើ​រដ្ឋប្រហារ​ដោយ​លោក​រដ្ឋមន្ត្រី លន់ នល់​។​ហើយ​គ្រាប់​នេះ​ផងដែរ​មាន ដែលមាន​ប្រវែង 1500 មី​លី​ម៉ែត្រ ទម្ងន់ 227 គីឡូក្រាម ។ ក្នុងករណី​គ្រាប់​នេះ​ផ្ទុះ វា​អាចមាន​វិសាលភាព សម្លាប់​ជីវិត​ដែល​នៅ​ជុំវិញ​ប្រវែង​ប្រហែល 200 ម៉ែត្រ​។ ហើយ​សម្រាប់​ចំងាយ​សុវត្ថិភាព គឺ​ចន្លោះ​ពី 800​ម៉ែត្រ ទៅ 1500 ម៉ែត្រ។ ​ក្រុម​ស៊ីម៉ាក់​និង​បន្តធ្វើ​ការរុករក គ្រាប់​ប្រភេទ​នេះ​បន្តទៀត​នៅក្នុង​ភូមិសាស្ត្រ​នេះ​ផងដែរ​។ ព្រោះ​តាម​ការសន្និដ្ឋាន​គឺអាច​នឹងមាន គ្រាប់​បន្សល់ទុក​នៅក្នុង​ដី​បន្ថែមទៀត​។ ​មូល​ហេតុដែល​គ្រាប់​នេះ​មិន​ផ្ទុះ​នៅក្នុង​ការ​សម័យ​ការដែល​ទម្លាក់​គ្រាប់​នោះ​គឺ​ប្រហែល​មកពី​អ្នកបើក​បរបាន​ចុច​បញ្ជា​មិន​ឲ្យ​ផ្ទុះ ឬ មកពី​កម្លាំង​ធ្លាក់​មិនទាន់​ដល់​កម្រិត​អាច​ឲ្យ​គ្រាប់​ផ្ទុះ​បាន​។​

​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​គ្រាប់ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ក្នុងពេលដែល​គាត់ កំពុង​តែ​​បង់សំណាញ់​នៅក្នុង​ស្ទឹង​។ ពេលនោះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​មិន​ហ៊ាន​ស្នាក់​នៅ​ក្នុងផ្ទះ​របស់គាត់​ទេ​ហើយ​គាត់ ក៏​ធ្វើការ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច ឬ​អង្គការ​ស៊ីម៉ាក់​ធ្វើការ​បន្ត​រុករក​គ្រាប់ ដែល​នៅ​សេសសល់​នៅក្នុង​ភូមិសាស្ត្រ​របស់​ពួកគាត់ រស់នៅ ដើម្បី​សុខ​សុវត្ថិភាព​របស់​ពួកគាត់​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com