រដ្ឋមន្ត្រី​អប់រំ នឹង​អញ្ជើញ​ទៅ​បើក​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

(​ភ្នំពេញ​)៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អញ្ជើញ​ទៅ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ព្រលឹម ថ្ងៃ​ចន្ទ ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​១ នៃ​ការប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ទូទាំងប្រទេស​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យ​មិ​ស​ក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ថ្ងៃទី​១៩​សីហា ឆ្នាំ​២០១៩ ចែកជា​ថ្នាក់ វិទ្យាសាស្ត្រ និង​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម​។ ការប្រឡង នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៧ និង ៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​ថ្នាក់​វិទ្យាសាស្ត្រ ចាប់ផ្តើម​នៅ​ម៉ោង ៧ និង ៣០​នាទី គឺ​មុខ​វិទ្យា​ប្រវត្តិវិទ្យា​។ រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ចាប់ផ្តើម​ដោយ​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ចាប់ពី​ម៉ោង ៧ និង ៣០​នាទី ដល់​ម៉ោង ៨ និង ៣០​នាទី​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បិទ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ នៅតាម​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ នេះ​។​

​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង សរុប ២០២ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល មាន ៤៧២៥ បន្ទប់ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧០២៤ នាក់ ស្រី ៦០៤២១​នាក់​។ ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៤៦៨៣​នាក់ ស្រី ២៥២៨៥​នាក់ មាន ១៨១០​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧២៣៤១​នាក់ ស្រី ៣៥១៣៦​នាក់ មាន ២៩១៥​បន្ទប់​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ នឹងមិន​មានការ​ចូល​រួម​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច ៥​ឆ្នាំកន្លងមក​ទេ​។ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​បន្ត​រឹតបន្តឹង និង​ពង្រឹង​ស្តង់ដារ​ប្រឡង ឲ្យ​មាន​គុណភាព តាម​គោលការណ៍ “​អ្នកចេះ គឺជា​ប់​”​។​

​នោះ​គឺ​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក ហង់​ជួន ណា​រ៉ុ​ន បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​រឹតបន្តឹង​ពេល​ប្រឡង​បាក់​ឌុប ចាប់តាំងពី​ឆ្នាំ​២០១៤​។ ពោលគឺ​បេក្ខជន​ទាំងអស់ ត្រូវបាន​ហាម មិន​ឲ្យ​យក​សំដៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចូល​បន្ទប់​ប្រឡង ហើយ​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​បេក្ខជន ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ពេល​ប្រឡង ក៏ដូចជា​ថែរក្សា​កិត្តិយស​របស់​បេក្ខជន​ខ្លួនឯង​ផ្ទាល់ និង​កិត្តិយស​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com