ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ ប្លង់​អគារ ប្រឡង​បាក់​ឌុប បិទ​ហើយ នៅតាម​មណ្ឌល​ប្រឡង ទូទាំងប្រទេស​

(​ភ្នំពេញ​)៖ ការផ្សព្វផ្សាយ​បញ្ជីរាយនាម​បេក្ខជន លេខ​តុ លេខ​បន្ទប់ និង​ប្លង់​អគារ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩​សីហា​២០១៩ នៅតាម​មណ្ឌល​ប្រឡង បានចាប់ផ្តើម​ហើយ ចាប់តាំងពី​ព្រឹក​ម៉ោង ៦:០០ ព្រឹក ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ប្រធាន​មណ្ឌល អនុប្រធាន​មណ្ឌល និង​មន្ត្រី​អប់រំ ដែល​ទទួលបន្ទុក​ការងារ​ប្រឡង បានចាប់ផ្តើម​បិទ​ផ្សាយ បញ្ជីរាយនាម​បេក្ខជន លេខ​តុ លេខ​បន្ទប់ និង​ប្លង់​អគារ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩​សីហា​២០១៩ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​។ គណៈ គ្រប់គ្រង​មណ្ឌល​ប្រឡង ក៏​កំពុង​ផ្សព្វផ្សាយ​បទបញ្ញត្តិ និង​ការណែនាំ​ផ្សេងៗ ដែល​បេក្ខជន​ត្រូវអនុវត្ត និង​មិនត្រូវ​អនុវត្ត​នៅ​អំឡុងពេល​ប្រឡង​។ សូម​ប្អូនៗ​បេក្ខជន​ប្រឡង​ទាំងអស់ មេត្តា​ទៅ​មណ្ឌល​ប្រឡង​រៀងៗ​ខ្លួន ដើម្បី​ទៅពិនិត្យ​ព័ត៌មាន​ដោយ​ខ្លួនឯង​។​

​សូម​រម្លឹកថា ​​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩ នេះ នឹងធ្វើ​ឡើង ២​ថ្ងៃ នៅ​ថ្ងៃ​ចន្ទ ទី​១៩ និង​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​។ នៅ​ឆ្នាំនេះ មាន​មណ្ឌល​ប្រឡង​សរុប ២០២ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល​សរុប​មាន ៤៧២៥ បន្ទប់ និង​មាន​បេក្ខជន​សរុប ១១៩,២១៧ នាក់ ក្នុងនោះ បេ​ក្ខ​នារី​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ ដោយឡែក បេក្ខជន​ពិការភាព មាន​ចំនួន ៥​នាក់​។​

​បើ​ធៀប​ឆ្នាំ​២០១៨ បេក្ខជន​ប្រឡង នៅ​ឆ្នាំ​២០១៩​នេះ កើនឡើង​ប្រមាណ ៥៨៥២​នាក់​។ សម្រាប់​មណ្ឌល​ប្រឡង នៅ​ឆ្នាំ​២០១៩ កើនឡើង ៦​មណ្ឌល បើ​ធៀប​ឆ្នាំ​២០១៨​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ នឹងមិន​មានការ​ចូល​រួម​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច ៥​ឆ្នាំកន្លងមក​ទេ​។​ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​បន្ត​រឹតបន្តឹង និង​ពង្រឹង​ស្តង់ដារ​ប្រឡង ឲ្យ​មាន​គុណភាព តាម​គោលការណ៍ “​អ្នកចេះ គឺជា​ប់​”​។​

​នោះ​គឺ​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក ហង់​ជួន ណា​រ៉ុ​ន បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​រឹតបន្តឹង​ពេល​ប្រឡង​បាក់​ឌុប ចាប់តាំងពី​ឆ្នាំ​២០១៤​។ ពោលគឺ​បេក្ខជន​ទាំងអស់ ត្រូវបាន​ហាម មិន​ឲ្យ​យក​សំដៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចូល​បន្ទប់​ប្រឡង ហើយ​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​បេក្ខជន ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ពេល​ប្រឡង ក៏ដូចជា​ថែរក្សា​កិត្តិយស​របស់​បេក្ខជន​ខ្លួនឯង​ផ្ទាល់ និង​កិត្តិយស​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com