មន្ទីរ​សុខាភិបាល បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស នៅតាម​មណ្ឌល​ប្រឡង បាក់​ឌុប

(​ភ្នំពេញ​)៖ ដើម្បី​ការពារ​សុវត្ថិភាព និង​លើកកម្ពស់​វិធានការ​សុខភាព​ជូន​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​១៩ សីហា ២០១៩ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល នៅតាម​រាជធានី​ខេត្ត បាន​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស បង្ការ​បញ្ហា​គ្រុនឈាម ជូន​ដល់​មណ្ឌល​ប្រឡង​ជាច្រើន​ទីតាំង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។
​ក្នុងពេល​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​អំពាវនាវ​ថា «​សូម​ប្អូនៗ​បេក្ខជន​ទាំងអស់ ថែរក្សា​សុខភាព​ដើម្បី​បញ្ចៀស​បញ្ហា​ជាយថាហេតុ​។ សូម​អរគុណ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ​ដល់​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​»​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ក្រសួង​អប់រំ បាន​បិទ​ឈ្មោះ លេខ​បន្ទប់ លេខ​តុ របស់​បេក្ខជន នៅតាម​មណ្ឌល​ប្រឡង​ទាំងអស់ ទូទាំងប្រទេស​។ ក្រសួង​អប់រំ ក៏បាន​អំពាវនាវ​ដល់​បេក្ខជន ត្រូវ​ទៅ​មើល​ឈ្មោះ លេខ​តុ លេខ​បន្ទប់ ដោយ​ខ្លួនឯង នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​តៀម​ចូលរួម​ប្រឡង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ និង​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប ទាំងអស់ សូម​ទៅពិនិត្យ​លេខ​តុ លេខ​បន្ទប់ នៅ​មណ្ឌល​ប្រឡង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កុំបី​អាក់ខាន​។​
​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩ នេះ នឹងធ្វើ​ឡើង ២​ថ្ងៃ នៅ​ថ្ងៃ​ចន្ទ ទី​១៩ និង​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​។ នៅ​ឆ្នាំនេះ មាន​មណ្ឌល​ប្រឡង​សរុប ២០២ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល​សរុប​មាន ៤៧២៥ បន្ទប់ និង​មាន​បេក្ខជន​សរុប ១១៩,២១៧ នាក់ ក្នុងនោះ បេ​ក្ខ​នារី​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ ដោយឡែក បេក្ខជន​ពិការភាព មាន​ចំនួន ៥​នាក់​។​

​បើ​ធៀប​ឆ្នាំ​២០១៨ បេក្ខជន​ប្រឡង នៅ​ឆ្នាំ​២០១៩​នេះ កើនឡើង​ប្រមាណ ៥៨៥២​នាក់​។ សម្រាប់​មណ្ឌល​ប្រឡង នៅ​ឆ្នាំ​២០១៩ កើនឡើង ៦​មណ្ឌល បើ​ធៀប​ឆ្នាំ​២០១៨​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ នឹងមិន​មានការ​ចូល​រួម​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច ៥​ឆ្នាំកន្លងមក​ទេ​។​ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​បន្ត​រឹតបន្តឹង និង​ពង្រឹង​ស្តង់ដារ​ប្រឡង ឲ្យ​មាន​គុណភាព តាម​គោលការណ៍ “​អ្នកចេះ គឺជា​ប់​”​។​

​នោះ​គឺ​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក ហង់​ជួន ណា​រ៉ុ​ន បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​រឹតបន្តឹង​ពេល​ប្រឡង​បាក់​ឌុប ចាប់តាំងពី​ឆ្នាំ​២០១៤​។ ពោលគឺ​បេក្ខជន​ទាំងអស់ ត្រូវបាន​ហាម មិន​ឲ្យ​យក​សំដៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចូល​បន្ទប់​ប្រឡង ហើយ​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​បេក្ខជន ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ពេល​ប្រឡង ក៏ដូចជា​ថែរក្សា​កិត្តិយស​របស់​បេក្ខជន​ខ្លួនឯង​ផ្ទាល់ និង​កិត្តិយស​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com