ក្រោយ​សឹក​ពី​បួស នាយ តាក់ស៊ី រស់នៅ​បែក​ពី​ប្រពន្ធ​ តែ​ចាត់ទុក​ដូច​បងប្អូន​បង្កើត​!

(​ភ្នំពេញ​)៖ មានឈ្មោះ​ពិត ប៉ុល សា​រឿង អាយុ ៤២​ឆ្នាំ នាយ តាក់ស៊ី ក្រោយ​សឹក​ពី​បួស កាលពីដើម​ខែសីហា លោក​បានរស់នៅ​បែក​ប្រពន្ធ​កូន និង​បាន​ចូល​សម្តែង​កំប្លែង​ឡើងវិញ នៅ​ទូរទស្សន៍ CTN ជាមួយ​ក្រុម​របស់លោក ពែ​កមី​។

​នាយ​តាក់ស៊ី បាន​អះអាងថា លោក​បាន​លែងលះ​ជាមួយ​ប្រពន្ធ គឺ​នាង ភី​ម ដែលជា​អ្នកលេង​កំប្លែង​ជាមួយគ្នា ដោយ​ទុកទ្រព្យ​សម្បត្តិ និង​កូនប្រុស​ម្នាក់ អាយុ ១៣​ឆ្នាំ ឲ្យ​ប្រពន្ធ មុនពេល​លោក​ទៅ​សាង​ប្រ​ផ្នួស បួស​ជា​ព្រះសង្ឃ​។​

​ក្នុង​ខ្លី​ប​វិ​ដេ​អូ ដែល​គេ​សម្ភាសន៍​បង្ហោះ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ នាយ តាក់ស៊ី បាន​លើកឡើងថា នៅពេល​ទៅ​សាង​ផ្នួស លោក​បានប្រកាសថា នឹង​បួស​រហូត​។ តែដោយសារ​ជំងឺ​ទឹកនោមផ្អែម ឡើង​ជាតិ​ស្ករ ៧៥០ លោក​ក៏បាន​សឹក​មកវិញ​។​

​នាយ​តាក់ស៊ី បាន​បញ្ជាក់ថា «​ពេល​សឹក​មកវិញ មិនមែន​ប្រពន្ធ​ដេញ​មិន​ឲ្យ​ចូល​ផ្ទះ​ទេ​។ គឺ​យើង​បាន​ចែកផ្លូវ​គ្នា ដោយ​សន្តិវិធី ហើយ​ខ្ញុំ​បានប្រគល់​ទ្រព្យសម្បត្តិ​ជូន​គាត់ តាំង​ពីមុន ខ្ញុំ​សាង​ប្រ​ផ្នួស​។ ដល់ពេល​សឹក​មកវិញ ខ្ញុំ​អត់​លេប​ពាក្យសន្យា​ទេ គឺ​ខ្ញុំ​ប្រគល់​ទ្រព្យសម្បត្តិ​ជូន​គាត់ ហើយ​យើង​នៅ​រាប់អាន​គ្នា ដូច​បងប្អូន​បង្កើត​អីចឹង​»​។

​នាយ​តាក់ស៊ី បាន​បញ្ជាក់ថា លោក និង​អ្នកស្រី ភី​ម រស់នៅ​ជាមួយគ្នា រយៈពេល ១៤​ឆ្នាំ កូនប្រុស​ម្នាក់ អាយុ ១៣​ឆ្នាំ​។ រាល់ថ្ងៃ នាយ​តាក់ស៊ី រស់នៅ​ជាមួយ​នាយ​ក្រូច ហើយ​ចូល​លេង​កំប្លែង នៅ CTN ឡើងវិញ​។​

​លោក​តាក់ស៊ី ចង់​មានផ្ទះ​សមរម្យ​មួយ ម៉ូតូ​មួយគ្រឿង គ្រាន់តែ​ជិះ​ទៅធ្វើ​ការ និង​ចង់​ឲ្យ​ម្តាយ​ចាស់ជរា ដែលមាន​ជំងឺ​ជា​ទម្ងន់ ព្រមទាំង​លោកយាយ​ចាស់ជរា និង​ពូ​ងងឹតភ្នែក នៅ​បាត់ដំបង ដែល​ចិញ្ចឹម​ចៅ​ទៀត ក៏បាន​រស់នៅ​សមរម្យ​ដែរ​។​

​យ៉ាងណាក៏ដោយ នាយ​តាក់ស៊ី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏ដូចជា​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជួយឧបត្ថម្ភ និង​ព្យាបាល​ជំងឺ​ដល់​រូបលោក ក្នុងពេល​កន្លងមក​។​

​សូម​រម្លឹកថា អ្នកកំប្លែង នាយ តាក់ស៊ី បានសម្រេច​ចិត្ត ចាកចោល​ប្រពន្ធ និង​កូន ទៅ​បួស​ជា​ព្រះសង្ឃ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ ពិធី​បួស បានធ្វើ​ឡើង នៅក្នុង​វត្ត​ដងទង់​ថ្មី នៃ​ខេត្តកំពង់ស្ពឺ ដោយ​នាយ​តាក់ស៊ី ប្រកាសថា នឹង​បួស​អស់​មួយជីវិត​។

​ប៉ុន្តែ​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ នាយ​តាក់ស៊ី បាន​សឹក​ពី​បួស​វិញ ដោយ​អះអាងថា មិនអាច​ទ្រាំទ្រ​នឹង​ជំងឺ​ប្រចាំកាយ គឺ​ជំងឺ​ទឹកនោមផ្អែម​។​

​យ៉ាងណាក៏ដោយ ក៏មាន​ការចុះផ្សាយ​ថា បន្ទាប់ពី​សឹក​ពី​បួស គឺ​នាយ​តាក់ស៊ី មិនអាច​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​កូន​វិញ​ឡើយ ដោយសារតែ​នាង ភី​ម ដែលជា​អតីត​ប្រពន្ធ បាន​មាន​ប្រុស​ថ្មី​ហើយ​។ នាង បានប្រកាស​ជំហរ​ថា នៅតែ​រាប់អាន​នាយ​តាក់ស៊ី ដូច​បងប្អូន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com