រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ជិះកង់ប្រមូលថវិកាបានជិត​ ១០ម៉ឺនដុល្លារ​ ជួយទ្រទ្រង់​មន្ទីរពេទ្យគន្ធបុប្ផា​

(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នៅថ្ងៃទី១៦ ខែសីហា​នេះ បានដឹកនាំយុទ្ធនាការជិះកង់ប្រមូលថវិកា ដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

យុទ្ធនាការនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវភរិយាឯកឧត្ដមអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើននាក់។

បើតាមក្រសួងសាធារណការ យុទ្ធនាការជិះកង់នេះធ្វើឡើងមិនត្រឹមតែដើម្បីប្រមូលថវិកាទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បង្កើនសុខភាព បង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការប៉ុណ្ណោះទេ តែក៏ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវនៅតាមគោលដៅសំដៅសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា រិះរកនីតិវិធីថែទាំ និងជួសជុលឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យុទ្ធនាការជិះកង់នេះ ចេញដំណើរពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ឆ្វែល​តាមវង់តូចនៃតំបន់អង្គរ ដែលមានចម្ងាយសរុប ២៨,៦គីឡូម៉ែត្រ។ ជាលទ្ធផល ថវិកាចំនួន ៩៥.​៤៣២,០០ ដុល្លារអាមេរិក ត្រូវបានប្រមូលតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យនេះ មានដំណើរការជានិរន្តរ៍៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com