​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ ឯកភាពលើ​គម្រោង​សាងសង់​ផ្លូវ​ក្រោមដី​ នៅ​​ផ្លូវ​ជាតិ​​លេខ​១​

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួត បានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុង​កិច្ចប្រជុំ​បច្ចេកទេសលើសំណើ​សុំគោលការណ៍​ស្ថាបនា​ផ្លូវក្រោមដី​នេះ ឯកឧត្ដម ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ បានសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។

បើតាមរដ្ឋបាលរាជធានី នៅតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើន និងបានធ្វើចរាចរណ៍លើផ្លូវនេះ ដែលទៀមទាអោយមាន U turn ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្បែរផ្សារ។ ក្នុង​ឆ្នាំ២០៣៥ អាចនឹងមាន Sky train ត្រង់ចំណុចនេះ នៅពេលសាងសង់ត្រូវទុកគម្លាតសម្រាប់គ្រឹះរបស់ Sky train។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង បានជំរុញឲ្យក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាជាមួយក្រុមហ៊ុនបុរីប៉េងហួត និងអង្គកា JICA មុនស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com