រហាត់ទឹកទសវត្សរ៍ទី៦០​ ដែលខូច​ខាត​ទាំងស្រុង​ នឹងត្រូវជួលជុល​ឡើង​វិញ​

(សៀមរាប)៖ រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ​ប៉ុន្តែ​ត្រូវ​បានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល​ និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។

លោក ម៉ៃ មួន បន្តថា ចូលដល់សម័យខ្មែរក្រហម រហាត់ទឹកនេះក៏បានខូចខាតទាំងស្រុង តែក៏ត្រូវបាន​រដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។

ក្រោយមក ពេលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហាត់ទឹកនិងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជំនួសរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រហាត់ទឹកនេះ ក៏មានការជួសជុលដោយសហការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹកសម្រាប់ស្រោចកូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ឯទឹកស្ទឹងមានតិច។ តែបច្ចុប្បន្ន រហាត់ទឹកនេះ បានរងនូវការខូចខាតជាដំណំ សល់តែរូបរាងពុកផុយមិនអាចដំណើរការបានតែម្តង។

ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការទាញយកពីទឹកស្ទឹងសៀមរាប មកស្រោចស្រពកូន​ឈើ​នៅ​សួន​បណ្តុះ​កូន​ឈើប្រាសាទតាកែវ និងជាការអត្តសញ្ញាណមួយនៃខេត្តសៀមរាបតាមរយៈប្រវត្តិនៃរហាត់ទឹកនេះ រួមនឹងតម្រូវការផ្សេងៗជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិ​ផងនោះ ព្រះតេជគុណ​ព្រះសទ្ធម្មប្បកា​សេនី​ បណ្ឌិត​ តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសានិងអាជ្ញាធរជាតិអប្សរា បានស្នើសុំដល់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ សុំជួយជួសជុលរហាត់ទឹកនេះឡើងវិញ។

លោកជំទាវ ក៏បានទទួលយកសំណើរជួសជុលដើម្បីឱ្យរហាត់ទឹកនេះដំណើរការឡើងវិញ ហើយក៏បានស្នើ​សុំ​ឱ្យខាងអាជ្ញាធរជាតិអប្សរា សិក្សានិងពិភាក្សាអំពីតម្លៃក្នុងការជួសជុល រួមទាំងសម្ភារៈដែលត្រូវយក​មក​ប្រើប្រាស់ឱ្យបានគង់វង្សយូរអង្វែង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com