ពលរដ្ឋខ្មែរម្នាក់ទៀតហើយ ក្នុងចំណោម៤នាក់ត្រូវទាហានថៃបាញ់ឱ្យរបួសជើងស្តាំ នៅស្រុកជាំក្សាន្ត

(ព្រះវិហារ)៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៤នាក់ បានរងរបួសជើងស្តាំម្ខាង ខណៈធ្វើដំណើរលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ទៅរកបេះផ្កាអូគីដេ ដើម្បីយកមកលក់។

ប៉ុន្តែតែត្រូវបានទាហានថៃដេញបាញ់បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ៩:០០នាទី ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប៉ីយេទឹកភ្នែក ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងឆ្លងដែនចូលទៅទឹកដីថៃ ដោយមានគ្នីគ្នាសរុប៥នាក់ ដើម្បីដើររកបេះផ្កាអូគីដេ។

ដោយសំណាងមិនល្អ ជួបកម្លាំងទាហានថៃ ដេញបាញ់បណ្តាលឱ្យរងរបួសម្នាក់ ចំជើងស្តាំចំនួន១គ្រាប់ ក្រោយមកជនរងគ្រោះ បានខិតខំរត់គេចខ្លួនពួននៅក្នុងព្រៃ ពីការបាញ់ប្រហារ របស់ទាហានថៃ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១៦:០០នាទី ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក្រុមគ្រួសារ រួមនិងបងប្អូនជនរងគ្រោះនាំគ្នាសែងចុះពីលើភ្នំដងរ៉ែក មកកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារឈាមជនរងគ្រោះហូរអស់ច្រើនពេក ក៏សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះជីវិត។

ប្រភពពីសមត្ថកិច្ច ក៏បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (រងរបួស) ដោយសារសមត្ថកិច្ចថៃបាញ់ត្រូវចំនួន១គ្រាប់ចំកំភួនជើងស្តាំ៕ (SN-សួនពិសិដ្ឋ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង