ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ ផ្តល់​គោលការណ៍​ណែនាំ​សំខាន់ៗ​១២​ចំណុច​ ត្រៀម​ការពារ​សន្តិសុខ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

(​ស្វាយ​រៀង​)៖​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត​ តំណាង​ឯកឧត្ដម​ ម៉ែ​ន​ វិបុល​ អភិបាល​ខេត្តស្វាយរៀង​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ផែនការ​ត្រៀម​រៀប​ចំការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ដល់​ដំណើរការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃ​ទី​១៩-២០​ ខែសីហា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។​

​នា​ថ្ងៃ​ព្រហស្បតិ៍​ ១៥​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​និង​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ក៏​មានការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​រង​ លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ លោក​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ លោក​អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ លោក​អនុប្រធាន​អង្គភាព​អគ្គិសនី​ លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង​ លោកស្រី​អភិបាលរង​ស្រុក​ស្វាយ​ជ្រំ​ លោកនាយក​រដ្ឋបាល​សាលាក្រុង​ លោកនាយក​វិទ្យាល័យ​ស្វាយ​រៀង​ លោកនាយក​ទីចាត់ការ​រដ្ឋបាល​ លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​ សាលាខេត្ត​។​

​ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ បាន​ផ្តល់​គោលការណ៍​ណែនាំ​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​បន្ថែម​ទៀត​ដល់​អង្គប្រជុំ​ដូច​ខាងក្រោម​៖

១.​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ ទៅ​ទទួលយក​វិញ្ញាសា​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ក្នុង​សាលាខេត្ត​ហើយ​ត្រូវ​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ល្អ​។​

២.​ ហាម​ប្រើប្រាស់​ទូរ​សព្ទ​ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេងៗ​ លើកលែងតែ​ប្រធាន​មណ្ឌល​ ប្រធាន​មេ​ប្រយោគ​

៣.​ រដ្ឋបាល​ខេត្ត​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ រៀបចំ​កន្លែង​ទុកដាក់​មធ្យោបាយ​របស់​បេក្ខជន​ឱ្យ​បាន​ល្អ​

៤.​ ចំពោះ​មណ្ឌល​ប្រឡង​ណា​ដែល​គ្មាន​របង​ សូម​ស្នើ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ រៀបចំ​ចងខ្សែរ​ព័ទ្ធ​ជុំវិញ​មណ្ឌល​ប្រឡង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ការ​ប្រឡង​។​

៥.​ ចាត់វិធានការ​កុំឱ្យ​មានការ​លក់ដូរ​ក្នុង​មណ្ឌល​ប្រឡង​ និង​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ថតចម្លង​រយ​:​ពេល​២​ថ្ងៃ​ នៃ​ថ្ងៃ​ប្រឡង​។​

៦.​ រដ្ឋបាល​ខេត្ត​ និង​ស្នងការ​នគរបាល​ ចាត់វិធានការ​សម្រួលការ​ធ្វើ​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង​ ឱ្យ​បាន​ល្អ​។​

៧.​ ឆ្នាំ​នេះ​ ចំពោះ​បេក្ខជន​ដែល​មាន​ជំងឺ​ មិន​អនុញ្ញាត​ឱ្យ​យក​វិញ្ញាសា​ទៅ​ធ្វើ​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​ ឬ​នៅ​មន្ទីរពេទ្យ​បាន​ទេ​ ប៉ុន្តែ​ត្រូវ​ត្រៀម​ឱ្យ​មានរ​យន្ត​សង្គ្រោះ​ ។​

៨.​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​ចែក​ជូន​ស្លាក​សម្គាល់​ដល់​គណ​:​មេ​ប្រយោគ​ អប្បមាទ​ អនុរក្ស​ សមត្ថកិច្ច​ និង​អ្នក​ពាក់ព័ន្ធ​ ដែល​មាន​ភារកិច្ច​ ។​

៩.​ ហាម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បេក្ខជន​ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​។​

១០.​ ក្នុង​កិច្ចការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ការ​ប្រឡង​នា​ឆ្នាំ​នេះ​ សូម​ប្រើប្រាស់​កម្លាំង​តែ​ពីរ​ទេ​ គឺ​ នគរបាល​ និង​កងរាជអាវុធហត្ថ​ក្នុង​ចំនួន​សម​ស្រប​មិន​ច្រើន​ពេក​ទេ​ ប៉ុន្តែ​ម៉ឺងម៉ាត់​ ច្បាស់លាស់​ និង​ថ្លៃថ្នូរ​ ដើម្បី​ធានា​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀបរៀបរយ​បាន​ល្អ​ ប៉ុន្តែ​អាច​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ឯកជន​ និង​ប្រជា​ការពារ​បាន​ ចំពោះ​ កម្លាំងយោធា​ សម្រាប់​ជួយ​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់​តែ​ប៉ុណ្ណោះ​។​

១១.​ មិន​ត្រូវ​យក​កងកម្លាំង​ទៅ​ធ្វើការ​ឆែកឆេរ​បេក្ខជន​នៅ​មណ្ឌល​ប្រឡង​ទេ​ កិច្ចការ​នេះ​ ត្រូវ​ចាត់ចែង​ដោយ​លោកគ្រូ​ អ្នកគ្រូ​ និង​អាច​ស្នើរ​កម្លាំង​សស​យក​ មក​សហការ​ លើកលែងតែ​មាន​សំណូមពរ​ក្នុង​ករណី​ចាំបាច់​។​

១២.​ ការ​រក្សា​ទុក​សម្ភារៈ​ ឧបករណ៍​ គ្រឿង​អេ​ឡិច​ត្រូ​និក​ ប្រគល់​ភារកិច្ច​ជូន​អនុរក្ស​ រក្សា​ទុក​ឱ្យ​បាន​ល្អ​ និង​គង់​វង់​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង