GMAC ជំរុញសហភាពអឺរ៉ុបរក្សា ​EBA ​ខណៈការអនុគ្រោះពន្ធ​បានជួយប្រជាជនខ្មែរ​រាប់លាននាក់​ចេញ​ផុត​ពី​ភាព​ក្រីក្រ​

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ជំរុញសហភាពអឺរ៉ុបមេត្តារក្សាកម្មវិធីអនុ​គ្រោះ​ពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA)។ GMAC បានអះអាងថា ជីវភាពកម្ម​ករ​ ៧៥០.០០០នាក់ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣លាននាក់ កំពុងស្ថិតក្នុង​ហា​និ​ភ័យ​។

បើតាម GMAC ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុបតាមរយៈកម្មវិធី EBA ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានចេញផុតពីភាពក្រីក្រ និងបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេស។ កម្មករចំនួន៧ ៥០.០០០នាក់នៅក្នុងឧស្សាហកម្មរបស់យើងតំណាងជាងពាក់កណ្តាលនៃកម្លាំងការងារសរុបក្នុងប្រព័ន្ធរបស់ប្រទេស ហើយឧស្សាហកម្មនេះផ្តល់ការគាំទ្រចំណូលផ្ទាល់ដល់គ្រួសារជាង២០ភាគរយនៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា។ ជាង ៨០ភាគរយនៃកម្មកររបស់យើងគឺជាស្ត្រី ហើយពួកគេភាគច្រើនបំផុតមានអាយុក្រោម៣៥ឆ្នាំ។ សរុបទៅ កម្មវិធីEBAមានផលវិជ្ជមានដល់ជីវិតប្រជាពលរដ្ឋប្រមាណ ៣លាននាក់ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា សហភាពអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតទៅលើការចោទប្រកាន់ថាមានការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិការងារដោយរដ្ឋាភិបាលកម្ពុជា។ ការស៊ើបអង្កេតនេះអាចនឹងនាំឲ្យមានការដកកម្មវិធីអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA)ពីកម្ពុជា។ កម្មវិធីនេះអនុញ្ញាតឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបនាំចូលផលិតផល (លើកលែងតែគ្រឿងសព្វាវុធ) ដោយរួចពន្ធ​ និងគ្មានកូតា។ សេចក្តីសម្រេចលើបញ្ហានេះត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅខែកុម្ភៈឆ្នាំ២០​២០៕

អត្ថបទដែលជាប់ទាក់ទង