រដ្ឋមន្ត្រី ប្រកាសថា ដោយសារតែ​ភ្លៀង​ខ្លាំង ទើប​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​!

(​ភ្នំពេញ​)៖ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​បច្ចុប្បន្នភាព​គ្រោះទឹកជំនន់​» និង​«​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក និង​កម្មករ​» ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ដោយសារតែ​បរិមាណ​ភ្លៀង​ច្រើន​ហួសហេតុ​ពេក មិន​សមតុល្យ ទើប​បណ្តាល​ឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​មួយចំនួន ពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

​លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​បញ្ជាក់ថា «​បាន​ជាមាន​ជំនន់ ( ជំនន់​ទឹកភ្លៀង ) មកពី​កន្លែង ឬ​ទីតាំង​ដែល​ត្រូវ​ទទួល​ទឹក​នោះ វា​មិនមាន​សមតុល្យ​នឹង​ភ្លៀង និង​បរិ​មាណទឹក ដែល​ធ្លាក់​ពីលើ​មេឃ​មក​។ អីចឹង​បើ​អត់​មាន​សមតុល្យ វា​លិច​ហើយ​។ វា​មិន​ខុសពី​និយាយ​សាមញ្ញ យក​កែវ​មួយ ចំណុះ ១​លីត្រ ចាក់ទឹក ១​លីត្រ អត់​អី​ទេ​។ លើស​តែ ១​លីត្រ​បន្តិច ហៀរ​កែវ ក្លាយជា​ជំនន់​ហើយ​។ អីចឹង ខ្ញុំ​អាច​ឆ្លើយ​ជា​សាមញ្ញ​ថា មកពី​បរិមាណ​ភ្លៀង វា​ច្រើនពេក ដែល​មិនអាច​ទទួលយកបាន​។ កន្លែង​នោះ ទីតាំង​នោះ មិនអាច​ទទួលយកបាន​”​។​

​សូម​រម្លឹកថា ជំនន់​ទឹកភ្លៀង បានកើត​ឡើង ចាប់តាំងពី​ដើមខែ​សីហា ដោយសារ​ទឹកភ្លៀង បាន​វាយប្រហារ​រាជធានី​ខេត្ត​ចំនួន​៦ រួមមាន ខេត្តរតនគិរី ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង កែប និង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក្រៅពី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ផ្ទះសម្បែង និង​ផលដំណាំ​ជាច្រើន​នោះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក៏​ទទួលរង​ការខូចខាត​មួយចំនួន នៅ​ខេត្ត​ចំនួន ៥ រួមមាន ខេត្តរតនគិរី ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង និង​ខេត្ត​កែប ដែល​ផ្លូវ​បាន​បាក់ស្រុត និង​បង្ក​ជា​សំបុកមាន់​ជាច្រើន​កន្លែង​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង