វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការទប់ស្កាត់ អំពើជួយដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងការចំណាកស្រុកដោយគ្មានសុវត្ថិភាព

(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តបានថ្លែងថា៖ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយចំណាកស្រុកគ្មានសុវត្ថិភាព ពិសេសក្រុមឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបានឹងកំពុងក្លាយជាទាសភាពទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើមបំផុត។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការទប់ស្កាត់ អំពើជួយដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងការចំណាកស្រុកដោយគ្មានសុវត្ថិភាព។

កម្មវិធីនេះរៀបចំដោយលេខាធិការដ្ឋាន គ.ខ.ប.ជ សហការជាមួយអង្គការឆាលហ្វានកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅស្រុករមាសហែក និងមានការចូលរួមពីលោកអភិបាលស្រុករមាសហែក លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរខេត្ត កងកម្លាំង លោកស្រីនាយករងរដ្ឋបាលខេត្ត និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យជ្រៃធំ ជាច្រើននាក់។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថា៖ ការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព គឺជាបញ្ហាប្រឈមដល់គ្រួសារ និងសង្គម ហើយក៏ជាបរិបទសកលដែលនៅតែបន្តកើតមានអាស្រ័យលើកត្តា៣យ៉ាងគឺ៖ ការអប់រំសង្គម, ការអនុវត្តច្បាប់, ការឆក់ឱកាសពីជនល្មើស ដែលជារូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ នៅមានបាតុភូតមួយចំនួនទៀត ដែលមានទំនោរទៅរកការជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនជាដើម។

លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិទ្យាជីវៈបានលើកឡើងថា៖ បច្ចុប្បន្ននេះស្ថានភាពកម្លាំងពលកម្មក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងតំបន់ និងសកលលោកសម្បូរណ៍ទៅដោយពលករវ័យក្មេង រួមផ្សំជាមួយនឹងការពង្រីកទីក្រុង និងការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម វិនិយោគបាននឹងកំពុងជំរុញឲ្យមានកំណើននៃចលនាកម្លាំងពលកម្មចេញពីជនបទចូលទៅទីក្រុង ក៏ដូចជាចលនាកម្លាំងពលកម្មឆ្លងប្រទេសដើម្បីស្វែងរកការងារធ្វើ ។

បើតាមរបាយការណ៍ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសមាន១.២៣៥.៩៩៣នាក់ នៅក្នុងនោះប្រទេសថៃ ១.១៤៦.៦៨៥នាក់, ប្រទេសកូរ៉េ ៤៩.០៩៩នាក់, ប្រទេសម៉ាឡេស៊ី ៣០.១១៣នាក់, ប្រទេសសិង្ហបុរី ៨៣១នាក់, ប្រទេសហុងកុង ៥៤នាក់, ប្រទេសអារ៉ាប៊ីសាអ៊ូឌីត១៦នាក់។

លោកស្រី ទុំ សារ៉ានី ប្រធានមន្ទីរកិច្ចការខេត្ត បានបង្ហាញថា៖ ចំពោះការកំណត់ក្រុមជនងាយរងគ្រោះនិងមធ្យោបាយនៃការបំពានផ្លូវភេទគឺមាន ជនគ្រប់រូបពេញវ័យ កុមារកំព្រា ស្ត្រីក្រីក្រ ក្មេងអនាថា អ្នកបម្រើតាមផ្ទះ កុមារមានឪពុកចុង ស្រ្ដីផ្សព្វផ្សាយស្រាបៀរ។ល។ ហើយការដោះស្រាយអំពើបំពានផ្លូវភេទគឺសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវដោះស្រាយតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន គឺតាមរយៈការដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលយុត្តិធម៌ ឬទៅព្រះរាជ្រអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដើម្បីដំណើរការតាមនីតិវិធីច្បាប់៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com