ម៉ាឡេស៊ីបង្កើតរោងចក្រផលិតលីបកង់​ និងគ្រឿងបង្គុំ ​សម្រាប់ផ្គត់ផ្គង់​ក្នុងវិស័យ​ផលិតទោចក្រ​យាន​នៅ​កម្ពុជា​

(ភ្នំពេញ)៖ ម៉ាឡេស៊ីនឹងវិយោគលើគម្រោងរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា។

ក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ដែលកិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា។

តាមរយៈគម្រោងរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំ ក៏ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញផងដែរ។

ជាមួយគ្នានេះ កិច្ចប្រជុំ​ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មូហាធា មូហាម៉ែត នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី មកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លីខាងមុខ។ ក្នុងនោះ ភាគីម៉ាឡេស៊ីមានបំណងលើកយកការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ជាប្រធានបទដើម្បីពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com