កម្ពុជាស្នើសុំវៀតណាម​កុំ​ទម្លាក់​តម្លៃ​តាម​អំពើ​ចិត្ត​ ខណៈទំហំពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​មាន​គម្លាត​គ្នា​ខ្លាំង​

(ភ្នំពេញ)៖ កម្ពុជាតាមរយៈជំនួបរវាងអាជ្ញាធរ​ខេត្តព្រៃវែង និង​អាជ្ញាធរខេត្ត Dong Thap របស់​ប្រទេស​​វៀតណាម បានពិភាក្សាគ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន។

អភិបាលរង​ខេត្តព្រៃវែង​ លោក ឌុច គន្ធា ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ស្រង់សំដីឲ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា ក្នុងជំនួប​កាលពី​ថ្ងៃ​ចន្ទ​ កម្ពុជា​បានស្នើ​ឲ្យ​វៀតណាម​ជួយ​ទិញ​កសិផល​ពី​កម្ពុជា​ និង​ជួយ​អន្តរាគម​​កុំ​ឲ្យ​ឈ្មួញ​វៀតណាម​ក្រឡុក​​តម្លៃ​ស្រូវ​ពេល​នាំចេញ​។

លោក​បន្ត​ថា​៖ «​យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ប្រាប់​ទៅ​ឈ្មួញ​ជនជាតិ​វៀតណាម​កុំ​ទម្លាក់​តម្លៃ​តាម​អំពើ​ចិត្ត ហើយ​វៀតណាម​គួរតែ​ជូនដំណឹង​មក​ភាគី​កម្ពុជា​ជាមុន​ថា វៀតណាម​មាន​តម្រូវការ​ស្រូវ​ប៉ុន្មាន​​​តោន​​នៅក្នុង​ ១​ឆ្នាំ​ ឬ​ក៏​ចង់បាន​ស្រូវ​ប្រភេទ​ណា​?»​។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេសទាំងពីរមានគម្លាតគ្នាយ៉ាងខ្លាំង។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​មាន​ជាង​ ២,៦​៨​ពាន់​លាន​ដុល្លារ​ ក្នុងនោះ​កម្ពុជា​នាំចេញ ៣៦២លាន​ដុល្លារ ខណៈ​ការនាំចូល​ជាង​ ២,៣២ពាន់​លានដុល្លារ​​​។ គិតត្រឹមត្រីមាសទី១ ​ឆ្នាំ២០១៩​នេះ​ ការ​នាំចេញ​កម្ពុជា​ទៅ​វៀតណាម​ជាង ៧៥លាន​ដុល្លារ ខណៈ​ការនាំចូល​មាន​រហូត​ដល់ ៦២៣លាន​ដុល្លារ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com