ក្រសួងព្រមានចាត់វិធានការ​បុគ្គលណា​ ដែលប្រើប្រាស់​ផ្លាកលេខ​ច្នៃប្រឌិត​ ឬតុបតែង​ ផ្ទុយពី​លក្ខណៈ​ដើម​

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជួន ព្រមានចាត់វិធានការបុគ្គលណា ដែលប្រើប្រាស់ផ្លាក​លេខ​ច្នៃប្រឌិត ឬតុបតែង ផ្ទុយពីលក្ខណៈដើម។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ភាព មិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖

១៖ គ្រប់យានជំនិះ មុនធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជី ដើម្បីទទួលបានបណ្ណសម្គាល់ និងផ្លាកលេខឲ្យបានត្រឹមត្រូវតាមនីតិវិធី
២៖ ផ្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ តាមយានជំនិះដែលបានចុះបញ្ជី
៣៖ ហាមយកផ្លាកលេខសម្គាល់យានជំនិះ ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះ ផ្សេងដែលនាំចូលមិនស្របច្បាប់
៤៖ ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែលផ្ទុយពីផ្លាកលេខចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន
៥៖ ហាមផ្ទុក កសម្ភារ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឲ្យបាំងផ្លាកលេខ
៦៖ នៅពេលយានជំនិះខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូវបំពេញកាតព្វកិច្ចលុបចេញពីបញ្ជី​យាន​ជំនិះ ដោយនាំយកមកនូវបណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះទៅអគ្គនាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ដោយក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន។

ក្រសួងបានអះអាងថា មន្ត្រីជំនាញនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលបានប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី ក្រោយ​ពីការចេញសេចក្តីជូនដំណឹងនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com