ខេត្តបាត់ដំបង នឹងមានមណ្ឌលកីឡាហែលទឹកស្តង់ដារ មុនស៊ីហ្គេម ២០២៣មកដល់

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណងដណ្តើមមេដាយក្នុងការប្រកួត Sea Game 2023។

សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកសាងសង់ “មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង” នៅក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបង ដោយយកគំនូរប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែន“ ខេត្តកំពង់ចាម។ គម្រោងនេះសាងសង់លើផ្ទៃដីទំហំ ១១២ម៉ែត្រគុណនឹង ៦៥ម៉ែត្រ និងមានរយៈពេលសាងសង់២៤ខែ ដោយគម្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក គូសបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនេះ គ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ដើម្បីផ្តល់លទ្ធភាពឲ្យកីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជននានា អាចហ្វឹកហាត់កីឡាហែលទឹក ដើម្បីសុខភាព ក៏ដូចជាត្រៀមការប្រកួតព្រឹត្តិការណ៍ហែលទឹកនានា ជាពិសេសគឺគោលដៅដ៏ធំចម្បង គឺ បង្កើនគុណភាពរបស់អត្តពលិក ឈានឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

សម្រាប់លក្ខណៈបច្ចេកទេស ត្រូវបានអ្នកជំនាញបញ្ជាក់ថា អាងសម្រាប់ប្រកួតមានទំហំ ២៥ម៉ែត្រគុណ ៥០ម៉ែត្រ និងជម្រៅ ២ម៉ែត្រ។ អាងលោតទឹកទំហំ ២០ម៉ែត្រ គុណ ២៥ម៉ែត្រ និងជម្រៅ ៤,៥ម៉ែត្រ។ អាងហែលកំដៅសាច់ដុំ ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ និងជម្រៅ ១,៥ម៉ែត្រ។ ប៉មលោតទឹកមានកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ម៉ែត្រ ដោយអាងទាំងបី និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ម៉ែត្រ គុណ ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ម៉ែត្រ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបី ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ ២,៥ម៉ែត្រ។ កន្លែងអង្គុយទស្សនាទំហំ ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតីចំនួន ៥០នាក់។ បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ ៧ម៉ែត្រ គុណ ១៣ម៉ែត្រ។ ក្រៅពីនេះក៏មានបន្ទប់ឃ្លាំង និងបន្ទប់សំខាន់ៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា មានអាងហែលទឹកលំដាប់អន្តរជាតិចំនួន៤ គឺ មណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ, មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ដែលកំពុងចាប់ផ្តើមសាងសង់នេះ និងមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកំពុងត្រូវបានជួសជុល និងស្ថាបនាឡើងវិញ៕

ប្រភព៖ PP SEAGAMES 2023

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com