កីឡាករ Messi កម្ពុជា អ៊ុក សុធី និយាយជុំវិញអាជីពបាល់ទាត់របស់ខ្លួន 

ខ្សែបម្រើ អ៊ុក សុធី ឬ Messi គឺជាកីឡាករមួយរូបដែលបានរួមរស់ជាមួយក្លឹប ភ្នំពេញក្រោនបានយូរជាងគេ ពោលគឺរូបគេបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនអស់រយៈកាលជាង ៥ ឆ្នាំមកហើយបន្ទាប់ពីបានមានវត្តមាននៅទីនេះកាលពីខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅក្រោយពីបានចាកចេញពីក្រុម Flying Bikes រួចមក ។ 

កីឡាករជើងចាស់រូបនេះបានថ្លែងថា៖ «ខ្ញុំពិតជាមានក្តីរីករាយក្នុងការក្លាយជាសមាជិកនៃក្រុមភ្នំពេញក្រោន! ខ្ញុំគិតថា នេះជាក្លឹបបាល់ទាត់ដែលល្អជាងគេនៅកម្ពុជា ហើយពួកយើងបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសរបស់យើងក្នុងគន្លងផ្លូវមួយដ៏ត្រឹមត្រូវ ។» រូបគេបានបន្ថែមថា៖ «សម្រាប់រដូវកាលនេះ ខ្ញុំមានបំណងចង់បន្ថែមផ្កាយមួយទៀតដល់ក្លឹប ហើយក៏ប្រាថ្នាចង់ឲ្យក្លឹបបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ។ »
គួររំលឹកថា Messi គឺជាឈ្មោះហៅក្រៅរបស់យុវជនម្នាក់ដែលបានចូលរួមជួយឲ្យក្លឹបភ្នំពេញក្រោនបានឈ្នះពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៤ មុននឹងបានឈប់សម្រាកអស់មួយរដូវកាលបន្ទាប់មក ក្រោយពីបានរងរបួសក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជានោះ ។ «ខ្ញុំបានលេងឲ្យក្រុមជម្រើសជាតិកម្ពុជាបាន ២លើកកាលពីឆ្នាំ២០១៤ ដែលសុទ្ធតែជាការប្រកួតមិត្តភាពអន្តរជាតិ (ជាមួយក្រុមម៉ាឡេសុី និងឥណ្ឌូនេសុី) ហើយខ្ញុំក៏នៅតែរីករាយក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិសារជាថ្មី ប្រសិនបើគ្រូបង្វឹកថ្មីត្រូវការ ។ និយាយតាមត្រង់ទៅ ការលេងឲ្យក្រុមជម្រើសជាតិគឺពិតជាក្តីសុបិន្តតាំងតែពីក្មេងរបស់ខ្ញុំ វាជារឿងមួយដ៏អស្ចារ្យ ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភារកិច្ចនេះ! » អ៊ុក សុធី បានថ្លែងដូច្នេះ ។

សូមបញ្ជាក់ថា ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះក៏ធ្លាប់បានចូលលេងក្នុងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាផងដែរនាពេលកន្លងមក ។ រូបគេបានថ្លែងថា៖ «យើងគឺជាក្រុមមួយដែលមានការលាយបញ្ចូលគ្នាយ៉ាងល្អរវាងកីឡាករវ័យក្មេង និងរៀមច្បង ហើយក្រុមយុវជនរបស់យើងបានបង្ហាញឲ្យឃើញនូវសក្តានុពលដ៏ខ្លាំងក្លាប្រកបដោយថាមពល និងវិជ្ជាជីវៈ ជាពិសេសពួកគេមានឆន្ទៈពិតប្រាកដ ១០០% ក្នុងការលេងជាមួយរៀមច្បងនានានៅក្នុងក្រុមដូចជារូបខ្ញុំជាដើម ។»

ថ្ងៃខែឆ្នាំ និងទីកន្លែងកំណើត៖ ៥/តុលា/១៩៨៧ នៅរាជធានីភ្នំពេញ

ចំណង់ចំណូលចិត្ត៖ បទចម្រៀបបែបមនោសញ្ចេតនា និងហែលទឹក

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង