សម្តេច​ប្រធាន​ព្រឹទ្ធសភា​ អនុញ្ញាត​ឱ្យ​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​

(​ភ្នំពេញ​)៖​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Hidehisa​ HORINOUCHI​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ នៅ​វិមាន​ព្រឹទ្ធសភា​។​

​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ Hidehisa​ HORINOUCHI​ បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​នា​ពេល​នេះ​ ។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ បាន​កត់​សម្គាល់ថា​ ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​បាន​ទទួល​ជោគជ័យ​ ក៏​ដោយសារ​តែ​មានការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ និង​គ្រប់​ស្ថាប័ន​ជាតិ​ ដែល​ជំរុញ​ឱ្យ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន​ មានការ​រីក​ចម្រើន​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្ដម​ក៏​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជា​ខ្លាំង​ ដោយ​ឃើញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ មានការ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ក្នុង​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​លើ​វិស័យ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ បាន​បញ្ជាក់​ថា​ ទោះបីជា​ឯកឧត្តម​ត្រូវ​ទទួល​តួនាទី​ថ្មី​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​ក៏​ដោយ​ ក៏​ឯកឧត្តម​នៅ​តែ​បន្ត​គាំទ្រ​ទាំង​ស្មារតី​ និង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​កម្ពុជា​ដដែល​។​

​ក្នុង​នាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​រួមចំណែក​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​ ឱ្យ​ទទួល​បាន​ផលប្រយោជន៍​ដ៏​ធំធេង​ទៅ​វិញ​ទៅ​មក​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​កត់សម្គាល់​ឃើញ​ថា​ ឯកឧត្តម​ និង​ស្ថានទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ប្រសើរ​ និង​មាន​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ និង​ជាមួយនឹង​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ ខេត្ត​ ក្រុង​ ជា​ពិសេស​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា​ ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​ដូច​ជា​ ជំនួយ​ឥត​សំណង​ កម្ចីសម្បទាន​ និង​ជំនួយ​បច្ចេកទេស​ ដែល​ផ្តល់​ ដោយ​រដ្ឋាភិបាល​ជប៉ុន​។​ ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​មាន​កំណើន​វិនិយោគ​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ វប្បធម៌​ សិល្បៈ​ កីឡា​ អប់រំ​ ជា​ពិសេស​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន​ ការ​ផ្លាស់​ប្តូរ​រវាង​យុវជន​ និង​យុវជន​ដ៏​ទូលំទូលាយ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ ដែល​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​។​ ទំនាក់ទំនង​ល្អ​នេះ​ ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ និង​មន្ត្រីជាន់ខ្ពស់​គ្រប់​កម្រិត​ជា​ញឹក​ ញាប់​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​ប្រជាជន​កម្ពុជា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ឥត​សំណង​ ឥណទាន​សម្បទាន​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​។​ ជំនួយ​ជប៉ុន​មាន​អត្ថប្រយោជន៍​ដ៏​ធំធេង​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ និង​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​ ទន្ទឹម​គ្នា​នេះ​ សម្តេច​ក៏​បាន​អរគុណ​ចំពោះ​ជំនួយ​គាំទ្រ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ដែល​បាន​ធ្វើ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​សម្តេច​នឹង​ត្រៀមខ្លួន​ជា​និច្ច​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និ​ទ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ ជប៉ុន​ថ្មី​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជូន​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រសិទ្ធពរ​ជូន​ឯកឧត្តម​ Hidehisa​ HORINOUCHI​ សូម​មាន​សុខភាព​ល្អ​បរិបូណ៌​ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com