អភិបាលស្រុក​ម៉ា​ឡៃ​ ដឹកនាំ​ក្រុមការងារ​ សមត្ថកិច្ច​ចុះ​ពិនិត្យ​ ការ​ទន្ទ្រាន​កាប់​ព្រៃ​ យក​ដី​ធ្វើ​កម្មសិទ្ធិ​ពី​ក្រុម​អាណា​ធិ​ប​តេ​យ្យ​

(​បន្ទាយ​មាន​ជ័យ)​៖​ លោក​ ឯម​ សុខា​ អភិបាលស្រុក​ម៉ា​ឡៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ រួម​មាន​មន្ត្រី​បរិស្ថាន​ និង​សូ​រិ​យោ​ដី​ ចុះ​ពិនិត្យ​ និង​ទប់ស្កាត់​ ការ​កាប់​រាន​ដី​ព្រៃរនាម​ដូន​សំ​ ដែល​កំពុង​ធ្វើ​យ៉ាង​គគ្រឹកគគ្រេង​ ពី​សំណាក់​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ ជា​ច្រើន​ក្រុម​។​

​ការ​ចុះ​ត្រួតពិនិត្យ​ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃរនាម​ដូន​សំ​ នៃ​ដែនជម្រកសត្វព្រៃ​ ក្នុង​ព្រះរាជក្រឹត្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​កាប់​រាន​ ធ្វើ​ឲ្យ​ព្រៃរនាម​ដូន​សំ​ មានការ​ រេច​រិល​ និង​អន្តរាយ​។​

​លោក​ ឯម​ សុខា​ អភិបាលស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ និង​អ្នក​សារព័ត៌មាន​ លើ​ការ​កាប់​រាន​ទន្ទ្រានព្រៃ​ ដែនជំរកសត្វព្រៃ​ ក្នុង​ដែន​ទេសភាព​រនាម​ដូន​សំ​ ដែល​ធ្វើ​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែល​មាន​មេ​ក្លោ​ង​នៅ​ពីក្រោយ​ខ្នង​ លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ ចុះ​ពិនិត្យ​ជាក់ស្ដែង​ ដែល​ជា​លទ្ធផល​ក្នុង​ការ​ចុះ​ពិនិត្យ​នេះ​ លោក​រក​ឃើញ​ថា​ ពិតជា​មានការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពិតមែន​ ហើយ​ក្នុង​នោះ​ឃើញ​មានការ​សង់​ខ្ទម​ ព្រោងព្រាត​នៅ​តាម​តំបន់​ព្រៃ​ដែល​បាន​កាប់​រុករាន​រួចរាល់​ ហើយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ បាន​ប្រមូលផ្ដុំ​គ្នា​កាប់​រាន​ដោយ​ខ្លះ​ប្រើ​ដោយ​កាំបិត​ពូថៅ​ និង​ខ្លះ​ទៀត​ប្រើ​ដោយ​គ្រឿងចក្រ​។​

​ក្នុង​នោះ​ដែរ​លោក​អភិបាលស្រុក​ បាន​អប់រំ​ និង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ ទាំងអស់​ដែល​បាន​មក​កាត់​រាន​ហើយ​សាងសង់​ខ្ទម​អនាធិបតេយ្យ​ ដោយ​មិន​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ បំពាន​ទៅ​លើ​ដី​ព្រះរាជក្រឹត្យ​នេះ​ គឺ​ឲ្យ​រុះរើ​ចេញ​ជា​បន្ទាន់​បើ​មិន​ដូច្នោះ​ទេ​ អាជ្ញាធរ​ស្រុក​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​ ចុះ​រួស​រើ​ ឈូស​ឆាយ​ ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ​ ជា​មិន​ខាន​។​

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​ជឿ​តាម​ការ​ញុះញង់​របស់​អ្នក​នៅ​ពីក្រោយ​ខ្នង​ ដែល​បំផុសបំផុល​ឲ្យ​មក​កាប់​រាន​ដី​ព្រៃ​ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ឲ្យ​សោះ​ព្រោះ​វា​ បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ នឹង​មាន​បញ្ហា​ដល់​ខ្លួនឯង​ផ្ទាល់​ ជា​ពិសេស​ជាប់​ជំពាក់ជំពិន​ជាមួយនឹង​ច្បាប់​។​

​គួរ​បញ្ជាក់​ថា​ ការ​កាប់​រានទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ច្រើន​ជាងគេ​ គឺ​នៅ​ចាប់ពី​អូរ​រាំវង់​ ទៅ​ដល់​ស្រះ​ថៅកែ​យ៉​ នៃ​ដែន​ទេសភាព​រនាម​ដូន​សំ​ ស្ថិត​ក្នុង​ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ៕​ (SN-​ចេស្តា​)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង