អាជ្ញាធរក្រុងដូនកែវ ចុះហាមឃាត់សំណង់គ្មានច្បាប់អនុញ្ញាត្តិសាងសង់ ២កន្លែង នៅសង្កាត់បារាយណ៍

(តាកែវ)៖ អាជ្ញាធរក្រុងដូនកែវដឹកនាំដោយលោក ប៉ាន ភារៈ ជាអភិបាលរងក្រុង នៅព្រឹកថ្ងៃអង្ការ៍ ទី១៣ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្រី្ដជំនាញបានចុះហាមឃាត់ និងធ្វើកិច្ចសន្យាជាមួយម្ចាស់សំណង់គ្មានច្បាប់អនុញ្ញាត ២កន្លែង ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

លោក ប៉ាន់ ភារៈ អភិបាលរងក្រុងដូនកែវបានថ្លែងថា កន្លងមកអាជ្ញាធរក្រុងបានចុះផ្អាកសំណង់ខុសច្បាប់នេះម្ដងមកហើយ ក៏ប៉ុន្តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ដដែល ទើបអាជ្ញាធរក្រុងបានចុះមកឃាត់ជាលើកទី២ និងបានឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដោយរងចាំម្ចាស់ផ្ទះទៅសុំច្បាប់សាងសង់តាមច្បាប់ជាមុនសិន។

គួរបញ្ជាក់ថា ការចុះហាមឃាត់សំណង់គ្មានច្បាប់ពីរកន្លែងនៅក្នុងសង្កាត់បារាយណ៍​នេះ​ បានកើតឡើងបន្ទាប់ពី​ អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំឲ្យអាជ្ញាធរក្រុងដូនកែវមើលបញ្ហាសំណង់ខុសច្បាប់ដែលកំពុងតែសាងសង់លើខ្នងប្រឡាយទឹកចុងថ្នលដោយមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ។

បើយោងតាមប្រភពអនាមិកបានលួចបង្ហើបថា សំណង់គ្មានច្បាប់និងគ្មានប្លង់កាន់ស្របច្បាប់នោះ ដោយចាក់ដីលុបខ្នងប្រឡាយទឹកចុងថ្នល់​នេះ​ គឺបានសង់លំនៅឋាន បានប្រហែល ៧០ ភាគរយរួចរាល់ហើយ ដោយការសាងសង់ខុសច្បាប់នេះមានការអនុញ្ញាតិពីលោកចៅសង្កាត់បារាយណ៍ ម៉ែន ចឹម ទើបលេចលឺដល់អភិបាលខេត្តតាកែវក៏បញ្ចាឲ្យអាជ្ញាធរក្រុងចុះមកផ្អាកការសាងសង់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com