មេសហជីពកម្ពុជាលោក សោម អូន គាំទ្រ និងស្វាគមន៍​ការកាត់បន្ថយ​ការឈប់សម្រាក​របស់កម្មករ​ និងមន្ត្រីរាជការ​សម្រាប់​ឆ្នាំ​២០២០​

(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សា និងសំដែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះអនុក្រឹ​ត្យ​លេខ១១២ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ កម្នករនិយោជិតសម្រាប់ឆ្នាំ២០២០ ដែលបានកាត់បន្ថយការឈប់សម្រាកចំនួន ០៦ ថ្ងៃ គឺពីចំនួន២៨ ថ្ងៃ មកត្រឹមចំនួន ២២ថ្ងៃ ក្នុងមួយឆ្នាំ។

លោក សោម អូន ប្រធាន NACC ដែលបានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា បច្ចុប្បន្នប្រទេស​កម្ពុជា​ មានចំនួនថ្ងៃឈប់សម្រាក រហូតដល់២៨ថ្ងៃ ក្នុងមួយឆ្នាំ ដែលចំនួននេះ ធ្វើឲ្យអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបោះទុន មកវិនិយោគនៅកម្ពុជា ដោយសារតែមានប្រទេសជាច្រើន នៅក្នុងតំបន់ក៏ដូចនៅលើពិភពលោក មានចំនួនថ្ងៃឈប់សម្រាកតិចជាងកម្ពុជាពី​ព្រោះ​ប្រតិទិន​ នៃការឈប់សម្រាក ប្រចាំឆ្នាំនេះ មានការពាក់ព័ន្ធទៅនិងតម្លៃ ពេលវេលា និងកំណើន​ផលិតភាព។

លោក សោម អូន បានបន្តថា នៅឆ្នាំ២០២០ ខាងមុខនេះ មន្ត្រីរាជការ និងកម្មករនិយោជិត បានបាត់បង់ថ្ងៃឈប់​សម្រាក​ចំនួន​០៦​ថ្ងៃ​ ក៏​ពិត​មែន តែអ្វីដែលយើងទទួលបានមកវិញ គឺការផ្តល់នូវបរិយាកាសប្រកួតប្រជែង ការទាក់ទាញអ្នកវិនិយោគ ការបង្កើតការងារថ្មី និងធានាបាននូវភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ លោកថា សភាសម្ព័ន្ឋសហជីពជាតិ បានប្រកាសរួចហើយគឺត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំណែទម្រង់យុត្តិធម៌សង្គម និងកំណែទម្រង់សេដ្ឋកិច្ចជាតិ។

លោក ក៏បានកត់សំគាល់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាបាននូវការប្រកូតប្រជែង និងកំណើតសេដ្ឋកិច្ច ដូចជា៖ ការបញ្ចុះតម្លៃអគ្គិសនី, ការមិនយកពន្ឋប្រាក់ចំណេញ, ការបិទ​កាំកុងត្រូល និងកាំសាបនៅតាមច្រកព្រំដែន រឺ ច្រកសេដ្ឋកិច្ច និង ការបញ្ចុះតម្លៃ Scanner -ល- រីឯការកាត់ការបន្ថយថ្ងៃឈប់សម្រាកខាងលើ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណែទម្រង់សេដ្ឋកិច្ចជាតិផង​ដែរ​។

លោក សោម អូន បាន ណែនាំ ដល់សមាជិកក្រុមប្រឹក្សាភិបាល NACC ទាំងអស់ បន្តផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន ឲ្យស៊ីជម្រៅ ចំពោះខ្លឹមសារ និងគោលបំណងនៃអនុក្រឹត្យខាងលើនេះ។

លោក គឹម ចាន់សំណាង អគ្គលេខាធិការរង NACC និងជាអនុប្រធានសហភាពសិទិ្ធកម្មករកម្ពុជា បានឲ្យដឹងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ សម្រាប់ឆ្នាំ២០២០ គឺនឹងរក្សាការប្រកួតប្រជែង​ទីផ្សារ ការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ជាមួយប្រទេសជិតខាង ហើយលោកសង្ឃឹមថា អ្នកបញ្ជាទិញនឹងបង្កើននូវការបញ្ជាទិញបន្ថែមទៀតមកកម្ពុជា ឲ្យបានកាន់តែច្រើន និងជាពិសេសនឹងផ្តល់ភាពងាយស្រួល ដល់ការតម្លើងប្រាក់ឈ្នួល ជូនបងប្អូនកម្មករជារៀងរាល់ឆ្នាំ។

ដោយឡែក លោក សាត់ ឈាងហួ សមាជិកគណកម្មាធិការប្រតិបត្តិ NACC និងជា ប្រធានសហភាពជាតិកម្ពុជា ការពារកម្មករ (CNCLP) ដែលមានវត្តមាន នៅក្នុងអង្គប្រជុំដែរនោះ បានបង្ហាញនូវជំហរគាំទ្រ យ៉ាងពេញទំហឹង ចំពោះអនុក្រិត្យលេខ១១២ ស្តីពី ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិតកម្មករ ប្រចាំឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ដែលបានកាត់បន្ថយថ្ងៃឈប់សម្រាក ការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិតកម្មករ ចាប់ពីឆ្នាំ២០២០ ព្រោះលោកយល់ថា ក្នុងស្ថានភាពបច្ចុប្ប​ន្ន ដែលប្រទេសកម្ពុជា កំពុងតែមានការប្រកូតប្រជែងទីផ្សារសេរី តាមការប្រៀបធៀបប្រទេសជិតខាង ក្នុងតំបន់មានការឈប់សម្រាកតិចជាងកម្ពុជាយើង ធ្វើយ៉ាងនេះដើម្បីទាក់ទាញអ្នកវិនិយោ​គ ទុន ឲ្យបានច្រើនមកអភិវឌ្ឃន៍កម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ​លេខ ១១២ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ កម្មករនិយោជិតសម្រាប់ឆ្នាំ២០២០ ដែលបានកាត់​បន្ថយ​ការ​ឈប់​សម្រាក​ចំនួន​ ៦​ថ្ងៃ គឺពីចំនួន ២៨ ថ្ងៃ មកត្រឹមចំនួន ២២​ថ្ងៃ ក្នុងមួយឆ្នាំ ក្នុងគោលបំណងចង់ឲ្យកម្ពុជាកាន់តែមានភាពទាក់ទាញបន្ថែមទៀត ពីវិនិយោគិ​ន​ជាតិ និងអន្ដរជាតិ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានសន្ទុះខ្លាំងបន្ថែម​ទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com