សំណង់អគារ​របស់ជនជាតិចិន​ ដែលស្រុត​ និងប្រេះ ​នឹងត្រូវ​កម្ទេច​ចោល​

(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាមួយជាមួយម្ចាស់សំណង់ចំនួន០២ ក្នុងនោះសំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់​អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី។

តាមមន្ត្រីបច្ចេកទេស នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានសិក្សា វាយតម្លៃផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ មិនអាចអោយដំណើរការសាងសង់ និងដាក់អោយប្រើប្រាស់ជាផ្លូវការនូវសំណង់ អគារពីរខាងលើ និងបានសំណូមពរ ឲ្យម្ចាស់អគារទាំងពីរខាងលើអនុវត្តតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ។

បើតាមអាជ្ញាធរ លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំង ស្ថិតក្នុងភូមិ៤ សង្កាត់​៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារ ខាងឆ្វេងអគារស្រុតប្រវែង ១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង ៩០mm និងប្រេះស្រាំ) ថ្មីៗនេះរដ្ឋបាលខេត្ត បានចេញរុះរើសំណង់ជាបន្ទាន់។ ម្ចាស់សំណង់យល់ព្រមរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើរសុំរដ្ឋបាលខេត្តជួយសិក្សាបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យាពេលកិច្ចសន្យាតម្លៃនៃការជួលដី។

ដោយឡែក សំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបានចេញលិខិតជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ​ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំង ត្រូវរុះចេញ។ ម្ចាស់សំណង់ក៏បានឯកភាព ក៏ប៉ុន្តែស្នើរសុំអោយរដ្ឋបាលខេត្ត ជួយសម្របសម្រួល ជាមួយម្ចាស់ដី តម្លៃ​ជួលក្នុងការរុះរើ និងសុំជួយសម្រួលច្បាប់សាងសង់។

ជាលទ្ធផលក្នុងកិច្ចប្រជុំ បានឯកភាពតាមសំណើររបស់រដ្ឋបាលខេត្ត ដោយម្ចាស់សំណង់អគារទាំងពីរខាងលើបានឯកភាពតាមការស្នើសុំរុះរើ របស់រដ្ឋបាលខេត្តព្រះសីហនុ ហើយម្ចាស់ដីទាំងពីរ ក៏បានឯក​ភាព​បន្ថែមកិច្ចសន្យា មិនគិតថ្លៃឈ្នួលរយះពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើរសុំរបស់ម្ចាស់សំណង់​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com