អាជ្ញាធរអប្សរាឲ្យបញ្ឈប់​ការក្រាល​​កន្ទេល​ និង​ដាក់អង្រឹង​​ លើសួនស្មៅ​បរិវេណ​អង្គរវត្ត​

(សៀមរាប)៖ អាជ្ញាធរជាតិ​អប្សរា​ នៅថ្ងៃទី១៣ ខែសីហានេះ បានជូន​ដំណឹង​ដល់​អ្នក​លក់​ដូរ ភ្ញៀវ​ទេស​ចរ​មួយ​ចំនួន​ឲ្យ​​បញ្ឈប់​រាល់​សកម្មភាព​ក្រាល​​កន្ទេល និង​ដាក់អង្រឹង​ ដើម្បី​​ទទួលទាន អាហារ និង​លំហែ​កាយ​​​នៅ​ជុំវិញ​បរិវេណ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាល​ស្មៅ​ជុំ​វិញ​កសិន្ទុ​ប្រាសាទអង្គរ​វត្ត។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ​កន្លងមកក្រុមការងារបាន​ណែ​នាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ប៉ុន្តែ​​នៅ​មាន​អាជី​វករ និង​ទេសចរ​មួយ​ចំនួន​ពុំ​បាន​អនុវត្ត​តាមនោះទេ ដោយយកប្រយោជន៍បុគ្គលជាចម្បង។ សកម្មភាព​ទាំងនេះ​ អាជ្ញាធរជាតិ​អប្សរា​បាន​ចាត់ទុក​ថា​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​គុណតម្លៃ​បេតិក​ភណ្ឌ​​វប្បធម៌​ បរិស្ថាន និង​សណ្ដាប់​ធ្លាប់​សាធារណៈ​នៃ​រមណី​យដ្ឋាន​អង្គ​រ។

បើ​តាម​សេចក្ដីជូន​ដំណឹង អាជ្ញាធរអប្សរា​ទុក​ពេល​ឲ្យ​អាជីវករ និង​ភ្ញៀវ​ទេសចរ​រយៈពេល​ ៤៥​ថ្ងៃ​ គិតពីថ្ងៃជូន​ដំណឹង​នេះ ដើម្បី​បញ្ឈប់​សកម្មភាព​ដាក់អង្រឹង ក្រាលកន្ទេល​ ទទួលទានអាហារ និង​លំហែកាយ​​នៅ​បរិវេណទាំងនេះ។ បើ​មិនដូច្នោះ​ទេ​ អាជ្ញាធរ​នឹងមាន​វិធានការ​រដ្ឋ​បាល​ដោយ​រឹប​អូស​សម្ភារៈទាំង​នោះ ​និង​​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាតឡើយ៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com