អ្នកនាំពាក្យ៖ រដ្ឋាភិបាលស្វាគមន៍​ការធ្វើមាតុភូមិនិវត្តន៍​របស់លោក​ សម រង្ស៊ី ​ដែលមកឆ្លើយ​តប​ចំពោះ​មុខ​តុលាការ​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលមកឆ្លើយតបនឹងកាតព្វកិច្ចយុត្តិធម៌ចំពោះមុខតុលាការ ដែលប្រជាពលរដ្ឋក្នុងសង្គមទំនើប និងស៊ីវិល័យតែង​តែអនុវត្តនូវកាតព្វកិច្ចនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិ​បាល​កម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន នៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១២ ខែសីហានេះ បានបន្តថា៖ «កម្ពុជា ជារដ្ឋឯករាជ្យ ប្រកបដោយអធិបតេយ្យភាពពេញលេញ។ ប្រជាពលរដ្ឋលោកបានជ្រើសរើសនូវ ការទទួលខុសត្រូវជោគវាសនារបស់ខ្លួនមានចំនួន៦ អាណត្តិរួចមកហើយ ប្រកបដោយនីតិរដ្ឋ ដែលមានស្ថាប័នប្រជាធិបតេយ្យបី(០៣)គឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ដែលកំពុងដំណើរការប្រកប​ដោយថាមពលនិងទទួលខុសត្រូវ ក្នុងដែនអំណាចរបស់ខ្លួនដាច់ដោយឡែកពីគ្នា ហើយមិនមានអំណាច​ ឬឥទ្ធិពល ពីជន ឬក្រុម និងបរទេសណាមួយ ដែលជ្រៀតជ្រែកក្នុងដែនសមត្ថកិច្ចនេះបានឡើយ។ បរទេសទាំងអស់ នៅលើលោកនេះ គឺជាដៃគូរនៃកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចគោរពផលប្រយោជន៍ស្មើមុខស្មើមាត់គ្នាតែប៉ុណ្ណោះ ។ សន្តិភាព ស្ថិរភាព គឺជាអាទិភាពជាចម្បង នូវមូលដ្ឋានគ្រឹះ នៃកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់ឆ្នោត»។

សូមជម្រាបថា នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ប៉ូលិស​បាន​យក​ដីកាកោះ លើក​ទី​២ ដែលជា​ដីកា​ថ្មី​មួយទៀត កោះហៅ​ទណ្ឌិត សមរង្ស៊ី ឲ្យ​ចូល​បំភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​បិទ​នៅ​របង​​ផ្ទះ ដែលជា​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវជាតិ​លេខ​២ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទណ្ឌិត សមរង្ស៊ី កំពុងរងបណ្តឹងជាច្រើនករណី និងកំពុងមានដីកាតាមចាប់ខ្លួនជាច្រើនបទល្មើសផងដែរ ប៉ុន្តែទណ្ឌិតរូបនេះ និងបក្សពួករបស់ខ្លួនបានអះអាងថា​ នឹងចូលមកប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com