ព្រឹទ្ធសភា ទទួលស្គាល់​សមាជិក​ថ្មី ៣​រូប ជំនួស​សមាជិក​ព្រឹទ្ធសភា ដែល​ទទួលមរណភាព និង​លាលែង ព្រមទាំង​ជ្រើសតាំង​លោក អ៊ុំ សារិទ្ធ ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ព្រឹទ្ធសភា បាន​ប្រកាស​​ទទួល​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី ចំនួន ៣​រូប ជំនួស​សមាជិក​ព្រឹទ្ធសភា ដែល​ទទួលមរណភាព និង​សុំលាលែង​។ ជាមួយគ្នានេះ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្រឹទ្ធសភា ក៏​បោះឆ្នោត​ជ្រើសតាំង​លោក អ៊ុំ សារិទ្ធ សមាជិក​ព្រឹទ្ធសភា ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​ផងដែរ​។​

​សមាជិក​ព្រឹទ្ធសភា​ថ្មី សម្រាប់​នីតិកាល ទី​៤ ចំនួន ០៣​រូប ដែល​ព្រឹទ្ធសភា ប្រកាស​ទទួលស្គាល់ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ រួមមាន​៖
១.​ព្រះអង្គម្ចាស់ នរោត្តម ប្រី​យ​សោ​ភ័​ណ្ឌ ជា​សមាជិក​ព្រឹទ្ធសភា ចាត់តាំង​ដោយ​​ព្រះមហាក្សត្រ ជំនួស​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ដែល​បាន​សុំ​លាឈប់ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។​

២ .​លោក ញ៉ូ​វ សុង ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ​ ​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​) ជំនួស​លោក ឡាយ អ៊ី​ពិ​សិទ្ធ ដែល​បានទទួល​មរណភាព​។​

៣.​លោក ឡោ ឆន ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង​ ខេត្តបន្ទាយ​មានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​) ជំនួស​លោកជំទាវ ស៊ឹង ស៊ី​យុ​ត ដែល​បានទទួល​មរណភាព​។​

​សូមជម្រាបថា សមាជិក​ព្រឹទ្ធសភា​ថ្មី ទាំង ៣​រូប នឹង​ត្រូវធ្វើ​សច្ចាប្រណិធាន មុនពេល​ចូលកាន់​តំណែង​។​

​ជាមួយគ្នា​នោះ ព្រឹទ្ធសភា ក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក ​អ៊ុំ សារិទ្ធ ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ លោក អ៊ុំ សារិទ្ធ ជា​បេក្ខភាព​មួយរូប ក្នុងចំណោម​បេក្ខភាព ២​រូប របស់​ព្រឹទ្ធសភា រួមមាន លោក អ៊ុំ សារិទ្ធ និង​លោក គង់ សារិទ្ធ​។

​សូមបញ្ជាក់ថា លោក អ៊ុំ សារិទ្ធ ដែល​ជាប់ឆ្នោត​នៅ​ព្រឹទ្ធសភា ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​នេះ មិនមែនជា​លោក អ៊ុំ សារិទ្ធ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គលេខាធិការ​ព្រឹទ្ធសភា​នោះទេ គ្រាន់តែ​លោក​ទាំងពីរ ជា​សមាជិក​ព្រឹទ្ធសភា​ដូចគ្នា ហើយ​មានឈ្មោះ​ដូចគ្នា​តែប៉ុណ្ណោះ​។​

​ក្រោយពី​ព្រឹទ្ធសភា បាន​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ជ្រើសតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម រួចមក លោក អ៊ុំ សារិទ្ធ បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​បំរើកា​រងារ​ក្នុង​វិស័យ​ច្បាប់​ឲ្យ​មាន​ភាពល្អប្រសើរ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​។

​លោក អ៊ុំ សារិទ្ធ បាន​ឲ្យ​ដឹងថា លោក​បាន​បំរើកា​រងារ ក្នុង​វិស័យ​ច្បាប់ ជាង ២០ ឆ្នាំ​មកហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com