ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជួសជុលទំនប់ ក្នុងខេត្តកំពត ដែលខូចដោយទឹកជំនន់

(កំពត)៖ នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានជួយអន្តរាគមន៍ជាក់ស្តែងជួសជុលទំនប់កូនសត្វ ទំនប់ប្រទាក់ក្រឡា ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហម រួចត្រូវបានជួសជុលកែលំអរឡេីងវិញក្នុងឆ្នាំ២០០៨។

ទំនប់អាងទឹកនេះ គឺជាប្រភេទអាងដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ១០លានម៉ែត្រត្រីគុណ ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។ 

ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់១៣៩មីល្លីម៉ែត្រ គឺសរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ ទើបធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង១៥ម៉ែត្រ និងតួទំនប់បង្ហៀរ១៥ម៉ែត្រ សរុបប្រមាណ៣០ម៉ែត្រ។

ជាប្រការលំបាកក្នុងការអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា គឺការចល័តគ្រឿងចក្រ ព្រោះទឹកលិចផ្លូវម្យ៉ាង និងម្យ៉ាងទៀត សភាពការណ៍ទឹកកំពុងតែបុកយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រសួងបានត្រៀមគ្រប់មធ្យោបាយសម្រាប់បេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់ នៅពេលកម្លាំងទឹកធ្លាក់ខ្សោយបន្តិច ដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត នៅតាមតំបន់នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com