ជំនន់​ស្ទឹង​សង្កែ​ឡើង​កម្ពស់​១៣​ម៉ែត្រ​ ប្រជាពលរដ្ឋ​ចាប់ផ្តើម​ជញ្ជូន​សម្ភា​រះ​ និង​ជម្លៀស​កូនចៅ​ រក​ទីទួល​សុវត្ថិភាព​

(​បាត់ដំបង​)៖​ ជំនន់​ទឹកស្ទឹង​សង្កែ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​ បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់​កម្ពស់​១៣​ម៉ែត្រ​ ខណៈ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​ម៉ិ​ញ​ មាន​កម្ពស់​ត្រឹមតែ​១០.៦០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​គ្រា​ដែល​ជំនន់​ទឹកស្ទឹង​នេះ​កំពុង​បន្ត​ហក់​ឡើង​ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​ក្នុង​ក្រុង​បាត់ដំបង​ បាន​នឹង​កំពុង​នាំ​គ្នា​ជញ្ជូន​សម្ភា​រះ​ និង​ជម្លៀស​កូនចៅ​ដើម្បី​រក​ទីទួល​មាន​សុវត្ថិភាព​ផង​ដែរ​។​

​លោក​ ឡុ​ង​ ផលគុណ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ Swift​ News​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​នេះ​ថា​ ដោយ​អំណាច​ទឹកភ្លៀង​ដែល​ធ្លាក់​បន្ថែម​មាន​ន​បរិមាណ​ច្រើន​ នៅ​តាម​ តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ ស្រុក​សំឡូត​ បណ្តាល​ឲ្យ​ទឹក​នៅ​ចំណុច​សំណង់​ពហុ​បំណង​សេក​សក​កម្ពស់​ទឹក​ឡើង​ខ្លាំង​។​

ដូច្នេះ​ទើប​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបាត់ដំបង​ បើកទ្វារ​ទឹក​បន្ធូរ​ស្ថានភាព​ទឹក​ឲ្យ​ធ្លាក់​ចុះ​មក​ក្រោម​ច្រើន​ ហើយ​កម្លាំង​ទឹក​ទាំងនេះ​នៅ​តែ​បន្ត​ហក់​ឡើង​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ តែ​ទឹក​ក៏​នឹង​អាច​ថមថយ​ស្រក​ចុះ​ទៅ​វិញ​ដែរ​៕​ (SN-​ចេស្តា​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com