សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ សេចក្តីណែនាំ​របស់​សម្តេច​តេ​ជោ បានធ្វើ​ឡើង ខណៈដែល​តំបន់​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី ជាដើម កំពុង​ជួបប្រទះ​នឹង​គ្រោះទឹកជំនន់ បង្កឡើង​ដោយ​ទឹកភ្លៀង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​តាម​ព្យាករណ៍​អាកាសធាតុ គឺមាន​ភ្លៀង​បង្អុរ​ចុះមក​នៅតាម​តំបន់​នៃ​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត​ជាប់​តំបន់​សមុទ្រ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​។ ទន្ទឹមនឹងនេះ សូម​បងប្អូន​តាមដាន​ព័ត៌មាន​ជាប្រចាំ ហើយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេលធ្វើ​នេសាទ និង​ក្នុងពេល​បើកបរ​តាម​ដងផ្លូវ​ទៅតាម​បណ្តា​ខេត្ត ដែល​កំពុង​ប្រឈម​នឹង​ជំនន់ ទឹកភ្លៀង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សូម​ក្រសួង មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើនេះ​»៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com