កំណាត់​ផ្លូវជាតិ​លេខ​៣ ជិត​វាលរេញ ផ្អាក​ចរាចរណ៍ ដោយសារ​ទឹកភ្លៀង​លិច រីឯ​ស្ពាន​សំរោង នៅ​ផ្លូវជាតិ​លេខ​៤ ទឹក​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន

( ខេត្ត​ព្រះសីហនុ )៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រង់​ស្ពាន​ទី​១ ចន្លោះ​ពី​វាលរេញ ទៅ​ស្ពាន​កំពង់​ស្មាច់ ត្រូវបាន​បិទ​ចរាចរណ៍​បណ្តោះអាសន្ន ចាប់តាំងពី​យប់​ថ្ងៃទី​០៩ បន្ត​ដល់​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ​។ មូលហេតុ ដោយសារ​ទឹកភ្លៀង​ខ្លាំង ជន់​លិច​ផ្លូវជាតិ កម្ពស់​ជាង​កន្លះ​ម៉ែត្រ​។​

​អាជ្ញាធរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ កំពុង​ប្រចាំការ ជួយ​សម្រួល​ចរាចរណ៍​ទៅកាន់​ផ្លូវជាតិ​លេខ​៤​។ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​សំរោង ក្នុងស្រុក​កំពង់សីលា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០​សីហា​នេះ កម្ពស់​ទឹក​នៅក្រោម​ស្ពាន​ឡើងដល់​ជាង ៥​ម៉ែត្រ ជិត​ដល់​ចំណុច​ត្រូវ​ប្រកាសអាសន្ន​ហើយ ស្រប​ពេលដែល​តំបន់​ប៉ែក​ខាងលើ​ភ្នំ ភ្លៀង​បាន​បន្ត​ធ្លាក់​ខ្លាំង​។​

​ដោយឡែក នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ជំនន់​ទឹកភ្លៀង បាន​ស្រក​ចុះ​ជា​បណ្តើរៗ​ហើយ ខណៈដែល​មេឃ មិនមាន​ភ្លៀង​ធ្លាក់​ទៀត​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com